Skip to content

មនុស្ស​ជាង ២៦០ បាន​ស្លាប់ និង​រងរបួស ក្នុងករណី​ធ្លាយ​ឧស្ម័ន​ពុល​នៅ ហ្ស៊​កដា​នី

មនុស្ស​យ៉ាងតិច ១០ នាក់​បាន​ស្លាប់ និង​ជាង ២៥០ រងរបួស បន្ទាប់ពី​កើតមាន​ហេតុការណ៍​ធ្លាយ​ឧស្ម័ន​ពុល ក្ល​រី​ន ពី​កប៉ាល់​ដឹក​ប្រេង​ឧស្ម័ន​នៅឯ​កំពង់ផែ Aqaba របស់ ប្រទេស​ហ្ស៊​កដា​នី។

ទូរទស្សន៍​ហ្ស៊​កដា​នី កាលពី​យប់​ថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា កប៉ាល់​ដឹក​ឧស្ម័ន​ខាងលើ​បាន​ជួប​ឧបទ្ទវហេតុ​ក្នុងពេល​កំពុង​លើកដាក់​ទំនិញ ធ្វើឱ្យ​ធ្លាយ​ឧស្ម័ន​នៅឯ​កំពង់ផែ Aqaba។ ហេតុការណ៍​កើតឡើង​បន្ទាប់ពី​ធុង​ផ្ទុក​ឧស្ម័ន​ក្ល​រី​ន​មួយ​បាន​ធ្លាក់​ពី​ខ្សែ​ដងសន្ទូច និង​បាន​ផ្ទុះ​នៅលើ​កប៉ាល់​ដែល​កំពុង​ចត។

បន្ទាប់ពី​បាន​ផ្ទុះ ឧស្ម័ន​ពណ៌​លឿង​ក៏បាន​សាយភាយ​ពាសពេញ​ទីតាំង​របស់​ក​ប៉ាល់ និង​តំបន់​ជុំវិញ នាំឱ្យ​សមត្ថកិច្ច​បិទ​ខ្ទប់​តំបន់​នេះ និង​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​គ្រោះថ្នាក់។

ប្រធាន​មន្ទីរពេទ្យ​តំបន់ Aqaba បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ជុំវិញ​កំពង់ផែ បិទទ្វារ​នៅក្នុង​ផ្ទះ​ដើម្បី​ជៀស​ពី​ឧស្ម័ន​ពុល។ នាយករដ្ឋមន្ត្រី​ហ្ស៊​កដា​នី Bishr Al-Khasawneh បាន​ទៅដល់​ទីក្រុង Aqaba ក្រោយពី​ហេតុការណ៍​បានកើត​ឡើង និង​បាន​ណែ​នាំឱ្យ​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដែល​ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ។

យោងតាម អង្គការ​សុខភាព​ពិភពលោក ឧស្ម័ន​ក្ល​រី​ន (chlorine gas) ដែលមាន​ពណ៌​លឿង មាន​ក្លិន​ឆួល​ដូច​ទៅនឹង​ថ្នាំ​សម្អាត​បន្ទប់ទឹក ហើយ​ធ្ងន់​ជាង​ខ្យល់​ប្រហែល ៣ ដង និង​ប្រមូលផ្ដុំ​នៅ​ទី​ទំនាប មិន​បង្ក​ជាការ​ផ្ទុះ ប៉ុន្តែ ជួយ​បង្កើន​សមត្ថភាព​ផ្ទុះ​របស់​វត្ថុ​ធាតុ​ដទៃ។ ឧស្ម័ន​ក្ល​រី​ន អាចធ្វើឱ្យ​រលាក​ស្បែក នៅពេល​ស្ថិត​នៅក្បែរ​វា ឬ​នៅ​កន្លែង​ដែលមាន​ផ្សែង​របស់​ឧស្ម័ន​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *