មហាសេដ្ឋី Rinat Akhmetov ដាក់ពាក្យបណ្ដឹងទៅកាន់ តុលាការសិទ្ធិមនុស្សអឺរ៉ុប ទាមទារឱ្យ រុស្ស៊ី សងការខូច ខាតរាប់ពាន់លានដុល្លារ ព្រោះតែបានបំផ្លាញរោងចក្រដែកថែប Azovstal នៅ Mariupol ។
លោក Rinat Akhmetov ម្ចាស់កម្មសិទ្ធិនៃរោងចក្រផលិតដែកថែប Azovstal នៅទីក្រុង Mariupol ជាទីដែល ទាហានរបស់ អ៊ុយក្រែន បានក្រាញននៀលអស់ជាច្រើនសប្ដាហ៍ ក្នុងការទប់ទល់នឹងការវាយប្រហាររបស់ រុស្ស៊ី បានដាក់ពាក្យបណ្ដឹង ប្រឆាំងនឹង ទីក្រុងមូស្គូ «ដោយសារតែបានរំលោភធ្ងន់ធ្ងរលើសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ» របស់លោក នេះបើតាមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ SCM របស់មហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅ អ៊ុយក្រែន។
SCM កាលពីថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា លោក Akhmetov ក៏បានស្នើឱ្យ តុលាការសិទ្ធិមនុស្សអឺរ៉ុប ចេញសាលក្រម «ទប់ស្កាត់ រុស្ស៊ី ចូលរួមធ្វើសកម្មភាពបិទខ្ទប់, ឆក់ប្លន់, ដឹកជញ្ជូន, បំផ្លាញធញ្ញជាតិ និងដែកថែប» ដែលផលិតដោយក្រុមហ៊ុនរបស់គាត់។
«សកម្មភាពរបស់ កងកម្លាំងរុស្ស៊ី ដែលធ្វើចំពោះ អ៊ុយក្រែន និងប្រជាជនរបស់យើងគឺមានសភាពធ្ងន់ធ្ងរ ហើយពួកគេត្រូវតែទទួលខុសត្រូវ» SCM នាំពាក្យលោក Akhmetvo ថ្លែងដូច្នេះ។
ពាក្យបណ្ដឹងរបស់ មហាសេដ្ឋីខាងលើ បានចោទប្រកាន់ រុស្ស៊ី ថា «បានលួច» ផលិតផលដូចជា ធញ្ញជាតិ និងដែកថែបជាដើម ធ្វើឱ្យតម្លៃឡើងខ្ពស់ បណ្ដាលឱ្យប្រជាជននៅទូទាំងសកលលោកធ្លាក់ទៅក្នុងគ្រោះទុរភិក្ស។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង Dmitry Peskov ឱ្យដឹងថា រុស្ស៊ី បានដកខ្លួនចេញពី តុលាការសិទ្ធិមនុស្សអឺរ៉ុប ដូច្នេះនឹងមិនទទួលរងឥទ្ធិពលពីស្ថាប័ននេះទៀតទេ។
លោក Akhmetov គឺជាអ្នកមានជាងគេបង្អស់នៅ អ៊ុយក្រែន ដោយមានទ្រព្យសកម្ម ១៥.៤ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ នេះបើតាម Forbes។ ក៏ប៉ុន្តែ បណ្ដាញពាណិជ្ជកម្មរបស់លោក បានរងការខូចខាតជាដំណំនៅក្នុងសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន ក៏ដូចជាការប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំនៅតំបន់ភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន។
មហាសេដ្ឋីខាងលើ កាលពីខែកន្លងបានឱ្យដឹងថា ក្រុមហ៊ុនផលិតដែកថែបធំបំផុតនៅ អ៊ុយក្រែន គឺ Metinvest របស់លោក ត្រូវខាតបង់អស់ពី ១៧ ទៅ ២០ ពាន់លានដុល្លារ ដោយសារ រុស្ស៊ី បានវាយប្រហារលើបណ្ដារោងចក្រផលិតដែកថែបនៅ Mariupol។ លោក Akhmetov និយាយថា ខ្ទង់ប្រាក់សំណងជាក់លាក់សម្រាប់ការខូចខាតនឹងត្រូវបានប្រកាសនៅពេលក្រោយ៕