សាកសពរបស់មនុស្សជាង ៤០ នាក់ ដែលត្រូវបានគេជឿថាជាក្រុមជនភៀសខ្លួន ត្រូវបានប្រទះឃើញនៅក្នុងរថយន្តសណ្ដោងរឺម៉កមួយគ្រឿងត្រូវគេទុកចោលក្បែរទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាម៉េរិក។
សាកសពជនចំណាកស្រុកជាង ៤០ នាក់ ដែលពុំមានលិខិតស្នាមជាប់តាមខ្លួនខាងលើ ត្រូវបានរកឃើញក្នុងរថយន្តសណ្ដោងរឺម៉កដែលមានកង់ចំនួន ១៨ កាលពីថ្ងៃទី ២៧ មិថុនា ខណៈដែលមនុស្សជាង ១០ នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីចំនួនមនុស្សស្លាប់ ប៉ុន្តែ តំណាងរាស្ត្រ Tony Gonzales បានឱ្យដឹងថា ករណីនេះមានមនុស្ស ៤២ នាក់ បានបាត់បង់ជីវិត។
«ថ្ងៃនេះ នៅ San Antonio សីតុណ្ហភាពគឺជាង ៣៨ អង្សាសេ។ ចូលគិតស្រមៃមើល មនុស្សដែលត្រូវបានគេទុកចោលក្នុងរថយន្តកង់ ១៨ តើនឹងទៅជាយ៉ាងណា។ ៤២ នាក់ បានបាត់បង់ជីវិត» លោក Tony Gonzales បង្ហោះសារនៅលើ Twitter ដូច្នេះ។
បច្ចុប្បន្ន ទាំងស្ថាប័នប៉ូលិស ទាំងក្រសួងសន្តិសុខផ្ទៃក្នុង របស់ សហរដ្ឋអាម៉េរិក មិនទាន់មានការអធិប្បាយអ្វីចំពោះករណីនេះនៅឡើយ។
យោងតាមសារព័ត៌មានក្នុងស្រុក San Antonio ថ្មីៗនេះបានរងរលកកម្ដៅយ៉ាងធ្ងន់ធ្ងរ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ ជនភៀសខ្លួនក្បែរព្រំដែន ម៉ិកស៊ិក ងាយនឹងត្រូវបាត់បង់ជាតិទឹក អស់កម្លាំង និងស្លាប់។
គិតត្រឹមថ្ងៃទី ២៧ មិថុនា តំបន់ San Antonio បានឆ្លងកាត់រលកកម្ដៅជិត ៣៨ អង្សាសេ ចំនួន ១៧ ថ្ងៃមកហើយ។ តំបន់ភាគច្រើននៃរដ្ឋ Texas កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួត ចំណែកទន្លេ Frio នៅភាគខាងលិចនៃទីក្រុង San Antonio ក៏កំពុងរីងហួតហែង។