ទីប្រឹក្សារបស់ ប្រធានាធិបតី ហ្សេឡែនស្គី អះអាងថា អ៊ុយក្រែន បានទទួលយកការដែលថា ការចូលជាសមាជិកណាតូ លែងត្រូវបានរំលឹកទៀតហើយ និងមិនធ្វើសកម្មភាពអ្វីទាំងអស់ទាក់ទិននឹងការសុំចូលជាសមាជិកសម្ព័ន្ធមិត្តយោធានេះ។
ខាងលើនេះគឺជាការអះអាងរបស់លោក Igor Zhovkva ទីប្រឹក្សារបស់ ប្រធានាធិបតី ហ្សេឡែនស្គី ដែលបានប្រាប់ Financial Times កាលពីម្សិលមិញ។ ប៉ុន្តែ ទីក្រុងកៀវ ចង់ឱ្យមានប្រកាសមួយនៅក្នុងគោលនយោបាយរបស់ ណាតូ។
លោក Igor Zhovkva ឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន ចង់ឱ្យ ណាតូ ទទួលស្គាល់ថា អ៊ុយក្រែន គឺជា «ផ្នែកមួយនៃសន្តិសុខរបស់ អឺរ៉ុប» និងអះអាងជាថ្មីអំពីទំនាក់ទំនងជាដៃគូរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយ សហរដ្ឋអាម៉េរិក នេះ ជាមួយនឹង ទីក្រុងកៀវ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមលោក Igor Zhovkva អ៊ុយក្រែន នឹងមិនជំរុញដំណើរការសុំចូលជាសមាជិករបស់ ណាតូ ទៀតឡើយ។
អគ្គលេខាធិការរបស់ ណាតូ Jens Stoltenberg បញ្ជាក់ថា សម្ព័ន្ធមិត្តយោធាណាតូ នៅតែបើកទ្វារសម្រាប់បណ្ដាប្រទេសដែលមានចំណាប់អារម្មណ៍ ប៉ុន្តែ មិនបានសន្យាថា ទទួល ឬច្រានចោលសំណើរបស់ អ៊ុយក្រែន ឡើយ នៅក្នុងអនាគតដ៏ខ្លីខាងមុខ។