យន្តហោះដឹកជញ្ជូន Ilyushin Il-76 មួយគ្រឿង បានធ្លាក់លើវាយស្រែ និងឆាបឆេះនៅក្បែរទីក្រុង Ryazan ភាគកណ្ដាលនៃ ប្រទេសរុស្ស៊ី កាលពីព្រឹកមិញ បណ្ដាលឱ្យមានមនុស្សយ៉ាងតិច ៤ នាក់បាត់បង់ជីវិត។
យោងតាមព័ត៌មានបឋម មានមនុស្សប្រហែលពី ៩ ទៅ ១០ នាក់ នៅលើយន្តហោះដែលបានជួបគ្រោះថ្នាក់នៅក្នុងតំបន់ដែលមានចម្ងាយពី រដ្ឋធានីមូស្គូ ប្រហែល ២០០ គីឡូម៉ែត្រទៅទិសអាគ្នេយ៍។ មនុស្សយ៉ាងហោច ៤ នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ខណៈច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
រូបភាពពីបណ្ដាញសង្គមបង្ហាញថា យន្តហោះដែលជួបគ្រោះថ្នាក់នោះគឺជាប្រភេទ Ilyushin ll-76 ក៏ប៉ុន្តែ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា នោះគឺជាយន្តហោះយោធា ឬយន្តហោះស៊ីវិលនៅឡើយ។
អណ្ដាតភ្លើងត្រូវបានពន្លត់ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ។
យោងតាមព័ត៌មានមួយចំនួនដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ យន្តហោះនេះបានធ្លាក់ និងឆេះបន្ទាប់ពីបានហោះពី Ryazan ដែលនៅក្បែរព្រំដែន កាហ្សាក់ស្ថាន ឆ្ពោះទៅកាន់ទីក្រុង Belgorod ក្បែរព្រំដែនជាមួយ អ៊ុយក្រែន។
នេះគឺជាយន្តហោះដឹកជញ្ជូនល្បឿនលឿនដំបូងរបស់ សូវៀត ដែលបានប្រើប្រាស់ចាប់ពីឆ្នាំ ១៩៧៤។ ក្រៅពីត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញ Ilyushin Il-76 ក៏ត្រូវបានកងទ័ពរបស់ រុស្ស៊ី ប្រើប្រាប់ដើម្បីដឹកទាហានឆត្រយោង និងដឹករថពាសដែកផងដែរ៕