Skip to content

អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន

សេត​វិមាន ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​ទៀត រួមមាន​ទាំង ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ទំនើប​ជាង​មុន​ចំនួន ៤ ប្រព័ន្ធ ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

«កញ្ចប់​ជំនួយ​នេះ​រួមមាន អាវុធ និង​យោ​ធូប​ករ​ណ៍ ក្នុងនោះ​មាន​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស។ ក្រៅពីនេះ​ក៏មាន​នាវា​ល្បាត និង​គ្រាប់កាំភ្លើង​ធំ​រាប់ម៉ឺន​គ្រាប់​ផងដែរ» អ្នកនាំពាក្យ សេត​វិមាន John Kirby កាលពី​ថ្ងៃទី ២៣ មិថុនា បានឱ្យដឹង​ដូច្នេះ និង​បន្ថែមថា ប្រភេទ​អាវុធ និង​យោ​ធូប​ករ​ណ៍​អាច​ត្រូវបាន​ប្ដូរផ្លាស់​នៅ​នាទីចុងក្រោយ។

ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS គឺជា​អាវុធ​ដែល អ៊ុយ​ក្រែ​ន ចង់បាន​បំផុត​នៅពេល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត ហើយ រុស្ស៊ី កំពុងតែ​មានប្រៀប​ជាង ដោយមាន​ការគាំទ្រ​ពី​កាំភ្លើង​ធំ​ធុន​ធ្ងន់។

អង្គភាព​ដំបូង​ចំនួន ៤ នៃ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស​ខាងលើ ត្រូវបាន​ប្រគល់​រួចហើយ ដើម្បី​ចាប់ផ្ដើម​កម្មវិធី​បណ្ដុះបណ្ដាល​ដល់ ទាហាន​អ៊ុយ​ក្រែ​ន ក្នុងការ​ប្រើប្រាស់​អាវុធ​ទំនើប​នេះ។ មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា ៤ អង្គភាព​ផ្សេងទៀត​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់ អ៊ុយ​ក្រែ​ន។

យោងតាម មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏មាន​ទាំង​គ្រាប់កាំភ្លើង​ធំ​ចំនួន ៣៦,០០០ គ្រាប់, រថយន្ត​ទាញ​កាំភ្លើង​ធំ ១៥៥ ម​ម ចំនួន ១៨ គ្រឿង, កាំភ្លើង​បាញ់​គ្រាប់បែក ១,២០០ ដើម, កាំភ្លើងយន្ត ២,០០០ ដើម, នាវា​ល្បាត​ឆ្នេរសមុទ្រ និង​ទន្លេ​ចំនួន ១៨ គ្រឿង រួម​នឹង​គ្រឿងបន្លាស់​ផងដែរ។

គិត​ចាប់តាំងពី​ពេល រុស្ស៊ី ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន សរុប ៦.១ ពាន់​លាន​ដុល្លារ រាប់ទាំង​កញ្ចប់​ជំនួយ​ថ្មី​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *