យោងតាមទីភ្នាក់ងារសារព័ត៌មាន Bakhtar របស់ អាហ្វហ្គានីស្ថាន តួលេខជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីកាលពីព្រឹកមិញ (២២ មិថុនា) នៅភាគខាងកើតប្រទេសនេះ បានកើនដល់ ២៨០ នាក់ និងយ៉ាងតិច ៥៩៥ នាក់ រងរបួស។
ខេត្ត Paktika គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងគ្រោះរញ្ជួយដីលើកនេះ ក្នុងនោះមានផ្ទះរាប់សិបខ្នងបានដួលរលំ ព្រមទាំងមានបញ្ហាបាក់ស្រុតដីនៅក្នុងខេត្តនេះផងដែរ។ ប្រធានស្ថាប័នគ្រប់គ្រងគ្រោះធម្មជាតិរបស់រដ្ឋាភិបាលតាលីបង់ លោក Mohammad Nassim Haqqani ឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ភាគច្រើនគឺជាប្រជាជននៅក្នុងខេត្ត Paktika។
ស្ថាប័នតាមដានផ្នែកភូគព្ភសាស្ត្រអាម៉េរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យញាប់ញ័រពេញតំបន់ដែលមានចម្ងាយពីទីក្រុង Khost ជិតព្រំដែន ប៉ាគីស្ថាន ប្រមាណ ៤៤ គីឡូម៉ែត្រទៅទិសនិរតី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្រោមដី ជម្រៅជាង ៥០ គីឡូម៉ែត្រ។
មនុស្សប្រហែល ១១៩ លាននាក់ ដែលរស់នៅក្នុង ប្រទេសប៉ាគីស្ថាន, អាហ្វហ្គានីស្ថាន និង ឥណ្ឌា បានទទួលអារម្មណ៍ថា ធរណីកំពុងញាប់ញ័រ។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ស្ដីពីតួលេខនៃជនរងគ្រោះដែលបានបាត់បង់ជីវិត ក៏ដូចជារងរបួស ឬការខូចខាតទ្រព្យសម្បត្តិនៅ ប៉ាគីស្ថាន និង ឥណ្ឌា ទាក់ទិននឹងហេតុការណ៍រញ្ជួយដីនេះនៅឡើយ៕