Skip to content

យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១២៦ នាក់ ត្រូវ​ឆាប​ឆេះ​សន្ធៅសន្ធៅ ពេល​កំពុង​ចុះ​ចត

(សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ដឹក​អ្នកដំណើរ ១២៦ នាក់ ជួប​ហេតុការណ៍​បាក់ស្រុត​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​យន្តហោះ​ឆាបឆេះ​លើផ្លូវ​រត់ នាំឱ្យ​មនុស្ស ៣ នាក់​រងរបួស។

នៅពេល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Red Air ដែល​ហោះ​ពី សាធារណរដ្ឋដូមីនីក (Dominica) កំពុង​ចុះចត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Miami កាលពី​ថ្ងៃទី ២១ មិថុនា ក៏​ស្រាប់តែ​បាក់​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។

បណ្ដា​វីដេអូ​នៅលើ​បណ្ដាញ​សង្គម បាន​បង្ហាញថា អណ្ដាតភ្លើង​ដែល​ឆេះ​លើ​យន្តហោះ​នេះ​ត្រូវបាន​ពន្លត់​យ៉ាង​ឆាប់រហ័ស។

ប្រធាន​ផ្នែក​ព័ត៌មាន​របស់ នាយកដ្ឋាន​អាកាសចរណ៍ Miami បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ក្នុងចំណោម​អ្នកដំណើរ ១២៦ នាក់​លើ​យន្តហោះ​នេះ ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

FAA និង​ស្ថាប័ន​សុវត្ថិភាព​ចរាចរណ៍​អាម៉េរិក កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់ និង​អគ្គិភ័យ​នេះ។

កាលពី​ខែតុលា ២០២១ យន្តហោះ McDonnell Douglas MD-87 មួយគ្រឿង​ក៏បាន​ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​នៅពេល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Houston Executive ក្នុង​តំបន់ Waller រដ្ឋ Texas។ មនុស្ស​ទាំង ២១ នាក់​នៅលើ​យន្តហោះ​នេះ បាន​រួច​ពី​ការស្លាប់។

Leave a Reply

Your email address will not be published. Required fields are marked *