Skip to content

យន្ត​ហោះ​ចម្បាំង​ចិនដីគោក រាប់​​សិប​គ្រឿង បន្ត​ហោះចូល​ក្បែរ​កោះ​តៃវ៉ាន់

អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​យោធា​របស់ ចិន ចំនួន ២៩ គ្រឿង បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​របស់​កោះ​នេះ ដែល​នេះ​គឺជា​ការ​ហោះចូល​ក្បែរ​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២។

កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ ឱ្យដឹងថា យន្តហោះ​ចម្បាំង​ចំនួន ១៧ គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក ៦ គ្រឿង និង​យន្តហោះ​គាំទ្រ​ចំនួន ៦ គ្រឿង​របស់ ចិនដីគោក កាលពី​ម្សិលមិញ (២១ មិថុនា) បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់ តៃវ៉ាន់ បង្ខំ​ឱ្យ​កងកម្លាំង​របស់​កោះ​នេះ បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​បណ្ដេញ និង​បើក​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​តាមដាន។

នេះ​គឺជា​ហោះ​ការ​ចូលមក​កៀក​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២២ របស់ ទ័ពអាកាស​ចិន បន្ទាប់ពី​ករណី​យន្តហោះ ៣៩ គ្រឿង​បាន​ចូលមក​កាន់ ADIZ របស់ តៃវ៉ាន់ កាលពី​ថ្ងៃទី ២៣ មករា និង​ករណី​យន្តហោះ ៣០ គ្រឿង​កាលពី​ថ្ងៃទី ៣០ ឧសភា។

ករណី​ចូលមកក្នុង​តំបន់ ADIZ របស់ តៃវ៉ាន់ ពី​សំណាក់ ទ័ពអាកាស​ចិនដីគោក បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ ក្នុងនោះ ករណី​ធំ​បំផុត​គឺមាន​យន្តហោះ​ចម្បាំង​ទំនើប ៥៦ គ្រឿង បាន​ចូលមក​កាន់​តំបន់ ADIZ កាលពី​ថ្ងៃទី ៤ តុលា ២០២១។

ពេញ​មួយឆ្នាំ ២០២១ កោះ​តៃវ៉ាន់ បាន​រកឃើញថា យន្តហោះ​ចម្បាំង​របស់ ចិនដីគោក បាន​ចូលមកក្នុង​តំបន់ ADIZ ចំនួន ៩៦០ លើក ច្រើនជាង​ទ្វេដង ធៀប​នឹង ៣៨០ លើក ក្នុង​ឆ្នាំ ២០២០។

ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ និង​បានប្រកាសថា នឹង​ប្រើ​កម្លាំងបាយ បើសិនជា​ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *