ខាងក្រោមនេះគឺជាដំណើរវិវត្តន៍សំខាន់ៗដែលគួរឱ្យយកចិត្តទុកដាក់ ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។
-រុស្ស៊ី និយាយថា សង្គ្រាមនៅ អ៊ុយក្រែន នឹងអូសបន្លាយពេលយូរ និងប្រកាសថា លែងទុកចិត្តបស្ចិមលោកទៀតហើយ។
-រុស្ស៊ី មិនធានាថា ទាហានស៊ីឈ្នួលអាម៉េរិក ២ រូប នឹងអាចរួចពីទោសប្រហារជីវិត៖ អ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង កាលពីថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា ភាគីខាងរុស្ស៊ី មិនធានាថា ទាហានអាម៉េរិក ២ រូប ដែលទើបតែត្រូវបានចាប់ខ្លួននៅ អ៊ុយក្រែន នឹងរួចផុតពីទោសប្រហារជីវិតឡើយ។ ប្រការនេះគឺអាស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្កេត។
-ទាហានស្ម័គ្រចិត្ត (រុស្ស៊ី ហៅថា ទាហានស៊ីឈ្នួល) ជនជាតិអាម៉េរិក ២ នាក់ដែលត្រូវបានចាប់ខ្លួនដោយ កម្លាំងរុស្ស៊ី នៅ អ៊ុយក្រែន កំពុងស្ថិតនៅក្នុងតំបន់ Donetsk។
-អ៊ុយក្រែន ចោទប្រកាន់ រុស្ស៊ី ថា ផ្គុំកម្លាំងនាវាចម្បាំងនៅ សមុទ្រខ្មៅ ដើម្បីត្រៀមវាយប្រហារដោយប្រើប្រាស់មីស៊ីល៖ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន និយាយថា «នាវាចម្បាំងទាំង ៦ គ្រឿងដែលមានបំពាក់មីស៊ីលមានស្លាប (Cruise missile គឺជាមីស៊ីលដែលហោះសំដៅគោលដៅតាមកម្មវិធីកុំព្យូទ័រ ឬតាមការបញ្ជាពីទាហាន)។
-ឧត្តមសេនីយ៍របស់ ប៉ូឡូញ ថា ណាតូ គួរតែចេញឱសានវាទដល់ រុស្ស៊ី ដើម្បីរារាំងការវាយប្រហារដោយមីស៊ីលទៅលើតំបន់ភាគខាងលិចរបស់ អ៊ុយក្រែន ដែលជាប់នឹងព្រំដែនជាមួយ ណាតូ ឬថា សម្ព័ន្ធមិត្តយោធានេះត្រូវចាត់វិធានការដើម្បី «ទប់ទល់នឹងការវាយប្រហារដោយមីស៊ីលនៅ អ៊ុយក្រែន»។
-វិវត្តន៍នៃដំណើរចូលជាសមាជិកណាតូ របស់ ហ្វាំងឡង់ និង ស៊ុយអែត នៅទ្រឹងមួយកន្លែង៖ តួកគី ប្រកាសថា ការពិភាក្សារវាងប្រទេសនេះ ជាមួយនឹង ហ្វាំងឡង់ និង ស៊ុយអែត ស្ដីពីការចូលជាសមាជិកណាតូ នៅតែបន្ត ប៉ុន្តែ លុះណាតែបញ្ហាដែលជាក្ដីបារម្ភរបស់ខ្លួនត្រូវបានដោះស្រាយ ទើបដំណើរការចរចាអាចមានវិវឌ្ឍន៍ល្អ។
-សហភាពអឺរ៉ុប ពន្យារសុពលភាពទណ្ឌកម្មទាក់ទិននឹងបញ្ហាដែល រុស្ស៊ី រឹបអូសយក ឧទ្វីបគ្រីមៀ (Krym/Crimea) និង Sevastopol ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសម្រេចចិត្តពន្យារសុពលភាពទណ្ឌកម្មនេះរហូតដល់ថ្ងៃទី ២៣ មិថុនា ២០២៣។
-រុស្ស៊ី គំរាម ប្រទេសលីទុយអានី (Lithuania/Litva) ថា នឹងជួបផលវិបាកធ្ងន់ធ្ងរពីការឆ្លើយតបរបស់ រុស្ស៊ី បន្ទាប់ពី លីទុយអានី បិទខ្ទប់ការដឹកជញ្ជូនចំពោះតំបន់ Kaliningrad។