ក្រុមហ៊ុនមួយរបស់ អាម៉េរិក កំពុងចូលរួមជួយ អ៊ុយក្រែន ក្នុងការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដែលដូចទៅនឹងខែល Iron Dom របស់ អ៊ីស្រាអែល ដើម្បីទប់ទល់នឹងមីស៊ីលរបស់ រុស្ស៊ី។
ក្រុមហ៊ុន JustAnswer ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា គម្រោងដែលមានឈ្មោះថា «គម្រោងដែនអាកាស» កំពុងត្រូវបានអនុវត្ត ដើម្បីធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសរបស់ អ៊ុយក្រែន។ ពួកគេដាក់គោលដៅអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដែលអាចប្រតិបត្តិការនៅក្នុងគ្រប់ស្ថានភាពអាកាសធាតុ ដើម្បីស្កាត់ចាប់ និងកម្ទេចមីស៊ីល ឬគ្រាប់កាំភ្លើងធំ ដែលដូចទៅនឹង Iron Dome របស់ ប្រទេសអ៊ីស្រាអែល ក្នុងបំណងការពារខេត្តទាំង ៨ របស់ អ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមីស៊ីលរបស់ កងទ័ពរុស្ស៊ី។
គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរួមរវាង បញ្ជាការដ្ឋានកងទ័ពនៃខេត្ត Lviv, បញ្ជាការដ្ឋានទ័ពអាកាសភាគខាងលិចអ៊ុយក្រែន, សមាគមសបវ៉ែរជប៉ុន និងបណ្ដាដៃគូសហការជាច្រើនផ្សេងទៀត ក្នុងនោះមានទាំង JustAnswer ផងដែរ។
Andy Kurtzig នាយកប្រតិបត្តិរបស់ JustAnswer បាននិយាយថា អ៊ុយក្រែន មានឱកាសដណ្ដើមបានជ័យជម្នះ បើសិនអាចបិទខ្ទប់ដែនអាកាសរបស់ប្រទេសនេះ។ «បច្ចេកវិទ្យារបស់ អ៊ុយក្រែន បានហួសសម័យ និងយឺតយ៉ាវ។ នៅពេលមីស៊ីលកំពុងហោះសំដៅមក កុំព្យូទ័រដំណើរការយឺតនឹងមិនអាចជួយអ្វីបានឡើយ» Kurtzig បកស្រាយដូច្នេះ។
«យើងកំពុងជួយ អ៊ុយក្រែន ក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធកុំព្យូទ័រ បណ្ដាញអ៊ីនធើណិត និងសបវ៉ែរ ដើម្បីឱ្យពួកគេអាចកំណត់គោលដៅបានរហ័ស និងត្រឹមត្រូវជាងមុន នៅក្នុងការស្វែងរកវិធីកម្ទេចមីស៊ីលរបស់ រុស្ស៊ី» Andy Kurtzig បញ្ជាក់ដូច្នេះ។
ចាប់តាំងពីបានបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន កងកម្លាំងរបស់ រុស្ស៊ី តែងតែប្រើប្រាស់មីស៊ីលកម្ទេចគោលដៅរបស់ខ្លួន។ ចំណែកក្រុមមន្ត្រីរបស់ អ៊ុយក្រែន បានបង្ហើបឱ្យដឹងថា ប្រព័ន្ធការពាររបស់ប្រទេសនេះ អាចរាំងខ្ទប់មីស៊ីលរបស់ រុស្ស៊ី បានប្រហែលតែ ២០% ប៉ុណ្ណោះ។ ដោយឡែក ក្រុមមន្ត្រីរបស់ អ៊ីស្រាអែល វិញបានអះអាងថា ប្រព័ន្ធខែល Iron Dome របស់ពួកគេអាចបាញ់ទម្លាក់មីស៊ីលរបស់សត្រូវបានរហូតដល់ ៩០% ឯណោះ។