Skip to content

ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន ដែលមាន​ការបារម្ភ​អំពី​តម្លៃ​ស្បៀងអាហារ​ដែល​ចេះតែ​កើនឡើង បានប្រកាសថា នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ទន្ទឹមនឹង​តំណែង​ប្រធានាធិបតី ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បន្ទាន់។

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន លោក Ferdinand Marcos Jr. កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា នឹង​កាន់កាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជា​បណ្ដោះអាសន្ន និង​កែទម្រង់​ក្រសួង​នេះ​ឡើងវិញ ដើម្បី​ជំរុញ​ការស្ដារ​សេដ្ឋកិច្ច ក្រោយពី​កូ​វីដ-១៩ បាន​រាតត្បាត​អស់​រយៈពេល ២ ឆ្នាំ។ លោក Marcos Jr. នឹង​កាន់តំណែង​ប្រធានាធិបតី និង​រដ្ឋមន្ត្រី បន្ទាប់ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ៣០ មិថុនា​ខាងមុខ។

«ខ្ញុំ​យល់ថា បញ្ហា​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ ទើប​សម្រេចចិត្ត​កាន់តំណែង​រដ្ឋមន្ត្រី​កសិកម្ម យ៉ាងហោច​នៅក្នុង​ដំណាក់កាល​នេះ» លោក Marcos Jr. ថ្លែង​ដូច្នេះ និង​បន្ថែមថា លោក​បាន​ស្នើឱ្យ​ទីប្រឹក្សា​ទាំងឡាយ​របស់លោក ព្យាករ​អំពី «ស្ថានភាព​បន្ទាន់ ពិសេស​គឺ​ទាក់ទិន​នឹង​ប្រភព​ផ្គត់ផ្គង់​ស្បៀងអាហារ»។

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ ហ្វ៊ីលីពីន លោក Ferdinand Marcos Jr. និង​លោក​ស្រី Sara Duterte អនុប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន និយាយថា តម្លៃ​ប្រេង​កើនឡើង​ខ្ពស់ ប្រភព​ផ្គត់ផ្គង់​អាហារ​ក្នុងការ​ចិញ្ចឹមសត្វ​ត្រូវ​រអាក់រអួល អាច​នាំឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន។

លោក Marcos Jr. បានតែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ប្រហែល ២០ រូប ក្នុងនោះ​មាន​ទាំង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *