(ឥណ្ឌា)-យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងហោះទៅកាន់ រដ្ឋធានីញូវដែលី កាលពីម្សិលមិញ ត្រូវចុះចតជាបន្ទាន់ ដោយសារតែម៉ាស៊ីនរបស់វាឆាបឆេះ។
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក SpiceJet បានហោះត្រលប់ទៅកាន់ព្រលានយន្តហោះនៅឯទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា នៅពេលកើតហេតុការណ៍អគ្គិភ័យ នេះបើតាមសមត្ថកិច្ច។ អ្នកដំណើរទាំង ១៨៥ នាក់ នៅលើយន្តហោះនេះ ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព។
Chandrashekhar Singh ដែលជាមន្ត្រីក្នុងតំបន់មួយរូបបានឱ្យដឹងថា «មូលហេតុនៃករណីឆាបឆេះនេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រុមបច្ចេកទេសកំពុងតែធ្វើការវិភាគ»។
អ្នកដំណើរម្នាក់បាននិយាយថា អ្នកនៅលើយន្តហោះបានឮសំឡេងរំខានខ្លាំងក្នុងរយៈពេលប្រហែល ១៥ នាទីដំបូងបន្ទាប់ពីយន្តហោះនេះបានហោះឡើង។ «អ្នកបើកបរបានរាយការណ៍ថា មានបញ្ហាមួយចំនួន ហើយយើងនឹងត្រលប់ទៅកាន់ទីក្រុង Patna…។ បញ្ហានេះគឺពិតជាគួរឱ្យភ័យខ្លាច» អ្នកដំណើរម្នាក់នេះបន្ថែមដូច្នេះ។
ទូរទស្សន៍ NDTV ដកស្រង់ប្រភពព័ត៌មានក្នុងវិស័យអាកាសចរណ៍ ឱ្យដឹងថា អគ្គិភ័យនេះអាចកើតឡើងដោយសារសត្វហោះបុកចូលក្នុងម៉ាស៊ីន។