ថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី ប្រកាសថា នឹង «រំដោះ» តំបន់ Crimea, Donetsk និង Lugansk ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ រុស្ស៊ី និងក្រុមផ្ដាច់ខ្លួន។
នៅក្នុងប្រសាសន៍ខាងលើដែលត្រូវបានចុះផ្សាយកាលពីព្រលប់ថ្ងៃទី ១៣ មិថុនា លោក ហ្សេឡែនស្គី និយាយថា «យើងនឹងទៅកាន់ទីក្រុងទាំងអស់របស់យើង ទៅកាន់ភូមិឋានទាំងអស់របស់យើង ជាទីដែលមិនទាន់បានដោតទង់ជាតិអ៊ុយក្រែន»។ មេដឹកនាំរូបនេះបញ្ជាក់ថា កងទ័ពអ៊ុយក្រែន នឹងឈ្នះសង្គ្រាមនៅភាគខាងកើតប្រទេសនេះ ដណ្ដើមមកវិញនូវបណ្ដាទីក្រុងដូចជា Mariupol, Kherson និង Melitopol ពីដៃរុស្ស៊ី និងក្រុមផ្ដាច់ខ្លួន DPR និង LPR។
«ខ្ញុំស្នើឱ្យគ្រប់គ្នាដែលមានឱកាសទាក់ទងនឹងអ្នកនៅតំបន់ដែលត្រូវបានគេចូលកាន់កាប់…។ ចូរប្រាប់ថា នឹងមានការចូលរំដោះ…។ ចូរប្រាប់ Gorlovka, Donetsk និង Lugansk ដូច្នេះ។ ចូរប្រាក់ពួកគេថា កងទ័ពអ៊ុយក្រែន ប្រាកដជានឹងទៅដល់ទីនោះ។ ហើយច្បាស់ណាស់ យើងនឹងរំដោះទាំង Crimea។ ចូរឱ្យក្រុមមន្ត្រីរុស្ស៊ី ចងចាំថា ៖ ទីនេះមិនមែនជាតំបន់ដែលពួកគេនឹងទទួលបានសន្តិភាព»។
យ៉ាងណាក៏ដោយ កន្លងមក ទាំងប្រធានាធិបតី ទាំងក្រុមមន្ត្រីរបស់ អ៊ុយក្រែន ក៏ធ្លាប់បានបង្ហើបឱ្យដឹងថា មានការលំបាកខ្លាំងក្នុងការទប់ទល់នឹងសត្រូវនៅភាគខាងកើតរបស់ប្រទេសនេះ។ ទាហានរបស់ អ៊ុយក្រែន ក៏ត្រូវពលីជីវិតពី ១០០ ទៅ ២០០ នាក់ជារៀងរាល់ថ្ងៃ នេះបើតាមលោក ហ្សេឡែនស្គី។
លោក Oleksiy Danilov ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអ៊ុយក្រែន កាលពីថ្ងៃទី ៧ មិថុនា យល់ថា អ៊ុយក្រែន នៅតែមានឱកាសដណ្ដើមបានជ័យជម្នះ ប៉ុន្តែ ត្រូវតែមានការជួយជ្រោមជ្រែងពីបណ្ដាប្រទេសលោកខាងលិច៕