អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Ha Kim Ngoc បានស្នើឱ្យសមភាគីអាម៉េរិក Wendy Sherman សហការជំរុញឱ្យមានដំណើរទស្សនកិច្ចមកកាន់ ប្រទេសវៀតណាម របស់ ប្រធានាធិបតី ចូ បៃដិន នៅក្នុងឆ្នាំ ២០២២។
សំណើខាងលើត្រូវបានលើកឡើងក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក Wendy Sherman នៅ រដ្ឋធានីហាណូយ កាលពីថ្ងៃទី ១៣ មិថុនា នេះបើតាមប្រកាសនាថ្ងៃនេះរបស់ ក្រសួងការបរទេសវៀតណាម។
លោកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចង់ឱ្យ សហរដ្ឋអាម៉េរិក បន្តផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានជាមួយ វៀតណាម ស្ដីពីគំនិតផ្ដួចផ្ដើមក្នុងតំបន់ រួមទាំងការយកចិត្តទុក និងផ្ដល់ជំនួយដល់ វៀតណាម ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមនៅ វៀតណាម ក៏ដូចជាការប្ដូរផ្លាស់ក្នុងវិស័យថាមពលស្អាត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោកស្រី Wendy Sherman ក៏បានប្រកាសអំពីខ្ទង់ថវិកាជំនួយបន្ថែម ១៩ លានដុល្លារ សម្រាប់សកម្មភាពដោះមីននៅ វៀតណាម និងអះអាងថា សហរដ្ឋអាម៉េរិក ត្រៀមខ្លួនជួយផ្គត់ផ្គង់ធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីឱ្យ វៀតណាម អនុវត្តជោគជ័យនូវអ្វីដែលបានសន្យាក្នុងព្រឹត្តិការណ៍ COP២៦។
ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son ក្នុងថ្ងៃដដែល លោកស្រី Wendy Sherman បញ្ជាក់ថា សហរដ្ឋអាម៉េរិក យកចិត្តទុកដាក់លើភាពជាដៃគូគ្រប់វិស័យជាមួយនឹង វៀតណាម និងមានបំណងលើកកម្ពស់ទំនាក់ទំនងនៅក្នុងពេលដ៏សមស្រប ព្រមទាំងបានសម្ដែងការគាំទ្រដល់ ប្រទេសវៀតណាម ដែលមានការរីកចម្រើន ប្រកបដោយវិបុលភាព។
ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នៅ វៀតណាម ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៣ មិថុនា តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី បញ្ហាក្នុងតំបន់ និងអន្តរជាតិ។
ទំនាក់ទំនងរវាង វៀតណាម-សហរដ្ឋអាម៉េរិក ត្រូវបានធ្វើឱ្យមានប្រក្រតីភាពឡើងវិញ ចាប់តាំងពីឆ្នាំ ១៩៩៥។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០១៣ ហើយ សហរដ្ឋអាម៉េរិក ក៏បានប្រកាសលុបចោលទាំងស្រុងនូវការហាមឃាត់ការលក់អាវុធឱ្យ វៀតណាម ចាប់ពីឆ្នាំ ២០១៦។
សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំជាងគេបង្អស់សម្រាប់ វៀតណាម ដោយការនាំចេញទំនិញរបស់ប្រទេសនេះទៅកាន់ សហរដ្ឋអាម៉េរិក បានឡើងដល់ ៩១.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនជាង ២៥% ធៀបនឹងឆ្នាំ ២០២០។ វៀតណាម ក៏បានក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៩ របស់ សហរដ្ឋអាម៉េរិក។ គិតត្រឹមខែមីនា ២០២២ ខ្ទង់វិនិយោគផ្ទាល់របស់ សហរដ្ឋអាម៉េរិក នៅ វៀតណាម បានឡើងដល់ ១០.៣ ពាន់លានដុល្លារ ឈរលំដាប់ទី ១១ ក្នុងចំណោម ១៤១ ប្រទេស និងដែនដី ដែលមាន FDI (ការវិនិយោគផ្ទាល់របស់បរទេស) នៅ វៀតណាម៕