(ម៉ិចស៊ិក)-ទីប្រឹក្សានយោបាយ Picazo ត្រូវបានហ្វូងមនុស្សវាយដំ និងស្រោចសាំងពេញខ្លួន រួចក៏ដុតទាំងរស់ បន្ទាប់ពីក្រុមអ្នកលេងបណ្ដាញសង្គមបានចោទបុរសនេះថា ជាអ្នកជួញដូរកុមារ។
អាជ្ញាធរមូលដ្ឋានកាលពីចុងសប្ដាហ៍កន្លងបានឱ្យដឹងថា Daniel Picazo អាយុ ៣១ ឆ្នាំ ត្រូវបានឡោមព័ទ្ធដោយហ្វូងមនុស្សប្រមាណ ២០០ នាក់ នៅក្នុងរដ្ឋ Puebla តំបន់មជ្ឈិមបូព៌ា នៃ ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានព័ត៌មានដែលសង្ស័យថា បុរសខាងលើនេះគឺជាជនចាប់ជំរិតកុមារ។
ក្រុមប៉ូលិសបានព្យាយាមជួយសង្គ្រោះ Picazo និងនាំគាត់ចូលក្នុងរថយន្តល្បាត។ ប៉ុន្តែ ហ្វូងមនុស្សនៅតែបន្តបង្ខំឱ្យបុរសនេះចេញមកក្រៅ និងបាននាំខ្លួនទៅកាន់ទីលានកីឡាមួយកន្លែង។ នៅទីនេះ Picazo ត្រូវហ្វូងមនុស្សវាយដំបន្តទៀត ព្រមទាំងបានស្រោចប្រេងសាំង និងដុតទាំងរស់។
សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញ ក្រោយពីហ្វូងមនុស្សបានចាកចេញអស់។
សភាជាន់ទាបម៉ិកស៊ិក បានឱ្យដឹងថា Picazo មានឋានៈជាទីប្រឹក្សានៅស្ថាប័ននេះ ព្រមទាំងបានថ្កោលទោសចំពោះទង្វើរបស់ហ្វូងមនុស្សផងដែរ។
«នេះមិនមែនជាយុត្តិធម៌ឡើយ វាគឺជាភាពព្រៃផ្សៃ។ សមត្ថកិច្ចនានាកំពុងតែធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាដែលត្រូវទទួលខុសត្រូវ» អាជ្ញាធរក្រុង Huachinango ដែលជាអ្នកគ្រប់គ្រងទីរួមស្រុក Papatlazolco ជាទីដែលកើតមានហេតុការណ៍ខាងលើ ប្រកាសដូច្នេះ។
កាលពីឆ្នាំ ២០១៩ នៅ Puebla មានបុរស ៧ នាក់ ត្រូវបានហ្វូងមនុស្ស វាយដំ និងដុតទាំងរស់។ ឆ្នាំ ២០១៨ បុរស ២ នាក់ ក៏ត្រូវហ្វូងមនុស្សសម្លាប់ដោយដុតទាំងរស់ បន្ទាប់ពីមានព័ត៌មានដែលចែករំលែកតាមកម្មវិធីទំនាក់ទំនង WhatsApp ថា ពួកគេគឺជាក្រុមចាប់ជំរិតក្មេង។ ព័ត៌មានចចាមអារ៉ាមនេះ ក្រោយមកត្រូវបានបញ្ជាក់ថា គឺជារឿងមិនពិត។
ស្ថាប័នព័ត៌មាន និងចារកម្មអ៊ីនធើណិត របស់ រដ្ឋធានីម៉ិកស៊ីកូ Jose Gil ឱ្យដឹងថា បណ្ដាញសង្គមបានជាប់ទាក់ទិននឹងបទល្មើសឧក្រិដ្ឋជាច្រើនករណី៕