ព្រះនាង Martha Louise និងបុរសជនជាតិអាម៉េរិក Verrett បានឱ្យដឹងថា អ្នកទាំងពីរត្រូវបានគេគំរាម និងរិះគន់ បន្ទាប់ពីប្រកាសដំណឹងភ្ជាប់ពាក្យនឹងគ្នា។
ព្រះនាងរបស់រាជាណាចក្រន័រវែស ព្រះជន្ម ៥០ វស្សា និងគ្រូមន្តអាគម Durek Verrett អាយុ ៤៧ ឆ្នាំ កាលពីចុងសប្ដាហ៍កន្លងបានចែករំលែកលើ Instagram Live ថា អ្នកទាំងពីរទទួលបានសារគំរាមសម្លាប់ និងការប្រមាថកាតទាន ស្អប់ខ្ពើម ចាប់តាំងពីបានប្រកាសព័ត៌មានភ្ជាប់ពាក្យ និងក្នុងអំឡុងពេលទាក់ទងគ្នា។
លោក Verrett និយាយថា មនុស្សមួយចំនួនមិនចង់ឃើញបុរសស្បែកខ្មៅបង្ហាញខ្លួនក្នុងរាជវាំង ព្រោះថា នេះគឺជារឿងដែលមិនធ្លាប់កើតមាននៅ អឺរ៉ុប។ លោកបន្ថែមថា ប្រតិកម្មទាំងនោះក៏កើតឡើងពីការរើសអើងភេទ។
«រឿងរ៉ាវនឹងផ្សេង បើសិនបុរសម្នាក់ជ្រើសរើសនារីស្បែកខ្មៅ ព្រោះថា គាត់ជាបុរស។ ប៉ុន្តែ បើសិនទុកឱ្យព្រះរាជបុត្រីមួយអង្គជ្រើសរើសបុរសស្បែកខ្មៅវិញ នោះគឺជារឿងដែលមិនធ្លាប់បានកើតឡើង» លោក Verrett និយាយដូច្នេះ។
ព្រះនាង Martha Louise ក៏មានបន្ទូលថា អ្នកទាំងពីរបានទទួលសាររិះគន់ជាច្រើនក្នុងអំឡុងពេលទាក់ទងគ្នាផងដែរ។
ព្រះនាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជារាជបុត្រីរបស់មហាក្សត្រ Harald ឈរលំដាប់ទី ៤ នៅក្នុងបញ្ជីរាយនាមអ្នកដែលត្រូវស្នងរាជបល្ល័ង្ក ប៉ុន្តែ បានបោះបង់តំណែង ឋានៈ និងភារកិច្ចជារាជវង្សស្ទើរតែទាំងអស់ដើម្បីផ្ដោតលើសកម្មភាពផ្ទាល់ខ្លួន។ ព្រះនាងគឺជាមនុស្សជឿលើរឿងអបិយជំនឿ និងធ្លាប់ប្រកាសថាអាចទំនាក់ទំនងបានជាមួយនឹងពពួកទេវតា។
រាជបុត្រីអង្គនេះបានបង្ហាញជាសាធារណៈនូវទំនាក់ទំនងស្នេហាជាមួយ Durek Verret តាំងពីខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក ធ្លាប់បានប្រកាសថា ខ្លួនគឺជា «គ្រូមន្តអាគម Durek» ធ្លាប់ព្យាបាលជំងឺឱ្យតារាសម្ដែងល្បីឈ្មោះជាច្រើននាក់នៅ សហរដ្ឋអាម៉េរិក។
ព្រះនាង Martha ធ្លាប់បានរៀបអភិសេកជាមួយកំពូលអ្នកនិពន្ធជនជាតិន័រវែស Ari Behn កាលពីឆ្នាំ ២០០២ និងមានបុត្រី ៣ អង្គជាមួយគ្នា។ អ្នកទាំងពីរបានលែងលះគ្នាកាលពីឆ្នាំ ២០១៦ ហើយក្រោយមក Ari Behn បានធ្វើអត្តឃាតកាលពីឆ្នាំ ២០១៩ ក្នុងវ័យ ៤៧ ឆ្នាំ។