រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Alexey Reznikov កាលពីម្សិលមិញបានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានដាក់ពង្រាយមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon ដែលផលិតដោយ សហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មាន RT បានឱ្យដឹងថា មុននោះ ប្រទេសដាណឺម៉ាក បានប្រកាសថា បានបញ្ជូនអាវុធខាងលើទៅឱ្យ ទីក្រុងកៀវ កាលពីខែឧសភាកន្លងទៅ។ យោងតាមលោក Alexey Reznikov សមត្ថភាពនៃការការពារឆ្នេរសមុទ្ររបស់ អ៊ុយក្រែន បានកើនឡើងមួយកម្រិតទៀតដោយសារប្រព័ន្ធ Harpoon ដ៏មានប្រសិទ្ធភាព។ ប្រព័ន្ធទាំងនេះ បូករួមនឹងមីស៊ីល Neptune ដែលផលិតដោយ អ៊ុយក្រែន បានបង្ខំឱ្យ «ក្រុមនាវាចម្បាំងរបស់សត្រូវ រក្សាគម្លាតដើម្បីជៀសវាងការទទួលលទ្ធផលអាក្រក់ដូចទៅនឹងកំពូលនាវាចម្បាំង Moskva នៃក្រុមនាវាចម្បាំងសមុទ្រខ្មៅរបស់ រុស្ស៊ី»។
គួររំលឹកថា កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ អ៊ុយក្រែន ប្រកាសថា នាវាល្បាតសមុទ្រ Moskva របស់ រុស្ស៊ី ត្រូវបានកងកម្លាំងរបស់ អ៊ុយក្រែន បាញ់ពន្លិចដោយប្រើប្រាស់មីស៊ីល Neptune។ ប៉ុន្តែ ភាគីខាង រុស្ស៊ី អះអាងថា នាវាចម្បាំងរបស់ខ្លួនត្រូវលិចដោយសារមានអគ្គិភ័យ និងខ្យល់ព្យុះ។
លោក Alexey Reznikov ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះការរួមផ្សំរវាងមីស៊ីល Harpoon និង Neptune ដោយយល់ថា ពួកវានឹងគាំទ្រដល់ អ៊ុយក្រែន ក្នុងការ «រំដោះ និងជួយឱ្យ សមុទ្រខ្មៅ មានសុវត្ថិភាពឡើងវិញ»។
មីស៊ីល Harpoon ដែលអភិវឌ្ឍដោយក្រុមហ៊ុន McDonnell Douglas អាចបាញ់ចេញពីទម្រច្រើនប្រភេទ។ ដាណឺម៉ាក កំពុងប្រើប្រាស់មីស៊ីល RGM-៨៤L-4 Harpoon Block II អាចបាញ់បានរយៈចម្ងាយ ១៣០ គីឡូម៉ែត្រ។ ចំណែក Neptune វិញគឺជាកំណែថ្មីនៃ មីស៊ីល Kh-៣៥ របស់ អ៊ុយក្រែន ដែលមានតាំងពីសម័យ សូវៀត និងអាចបាញ់បានរយៈចម្ងាយ ២៨០ គីឡូម៉ែត្រ៕