អ្នកនាំពាក្យនៃ ក្រសួងការបរទេសចិន Zhao Lijian បានឱ្យដឹងថា ប្រទេសចិន ប្ដេជ្ញាប្រឆាំងនឹងការដែល សហរដ្ឋអាម៉េរិក លក់អាវុធឱ្យ កោះតៃវ៉ាន់ និងបន្តចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។
យោងតាមអ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន Zhao Lijian ការដែល អាម៉េរិក លក់អាវុធឱ្យ កោះតៃវ៉ាន់ បានរំលោភលើគោលការណ៍ «ប្រទេសចិនតែមួយ» និងសេចក្ដីប្រកាសរួមចំនួន ៣ រវាង ចិន-អាម៉េរិក បង្កការខាតបង់ធ្ងន់ធ្ងរដល់អធិបតេយ្យភាព ប្រយោជន៍របស់ ប្រទេសចិន និងទំនាក់ទំនងចិន-អាម៉េរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅ ច្រកសមុទ្រតៃវ៉ាន់។
លោក Zhao Lijian បានស្នើឱ្យ សហរដ្ឋអាម៉េរិក លុបចោលគម្រោងលក់អាវុធខាងលើ ក៏ដូចជាបញ្ឈប់ទំនាក់ទំនងយោធារវាង អាម៉េរិក និង កោះតៃវ៉ាន់។ ប្រទេសចិន នឹងបន្តចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍របស់ខ្លួន។
ចំណែកអ្នកនាំពាក្យរបស់ ក្រសួងការពារជាតិចិន លោក Tan Kefei យល់ថា តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ ប្រទេសចិន។ ការដែល អាម៉េរិក លក់អាវុធ និងផ្ដល់ជំនួយបច្ចេកទេសដល់ កោះតៃវ៉ាន់ គឺជាសកម្មភាពគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសន្តិភាព និងស្ថិរភាពរបស់ច្រកសមុទ្រនេះ និងបានអំពាវឱ្យបញ្ឈប់ទង្វើបែបនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន និង ក្រសួងការពារជាតិចិន ខាងលើ ត្រូវបានលើកឡើងបន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាម៉េរិក បានអនុម័តលក់គ្រឿងបន្លាស់សម្រាប់ជួសជុលនាវាចម្បាំង និងផ្ដល់ជំនួយផ្នែកបច្ចេកទេស ដែលមានតម្លៃ ១២០ លានដុល្លារអាម៉េរិក ដល់ កោះតៃវ៉ាន់៕