មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និង ២ នាក់រងរបួសនៅពេលជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់បានបាញ់រះនៅក្នុងរោងចក្រមួយក្នុងរដ្ឋ Maryland ហើយក្រោយមកក៏បានប្រយុទ្ធជាមួយសមត្ថកិច្ច។
ហេតុការណ៍បាញ់រះនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១៤កន្លះ ថ្ងៃទី ៩ មិថុនា (ម៉ោង ១កន្លះ ថ្ងៃទី ១០ មិថុនា នៅ ភ្នំពេញ) នៅឯរោងចក្រផលិតឧបករណ៍បេតុង Columbia Machine ក្នុងទីរួមស្រុក Smithsburg នៃស្រុកវ៉ាស៊ីងតោន។
ការិយាល័យប៉ូលិសស្រុកវ៉ាស៊ីងតោន ឱ្យដឹងថា ក្នុងករណីផ្ទុះអាវុធនេះមានមនុស្ស ៤ នាក់ត្រូវគ្រាប់កាំភ្លើងនៅក្នុងរោងចក្រ ក្នុងនោះមាន ៣ នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់។ ជនសង្ស័យបានចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវប៉ូលិសដេញតាម។
ប្រកាសរបស់ការិយាល័យប៉ូលិសខាងលើបានឱ្យដឹងថា «ការប្រយុទ្ធគ្នារវាងក្រុមប៉ូលិស និងជនសង្ស័យ បានបណ្ដាលឱ្យមានករណីរងរបួសទាំងសងខាង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ»។
ប៉ូលិស Carly Hose និយាយថា ជនសង្ស័យជាមនុស្សប្រុស ប៉ុន្តែមិនទាន់បង្ហាញព័ត៌មានលម្អិតជាងនេះ។ រថយន្តរបស់ជនសង្ស័យត្រូវបានរកឃើញនៅកន្លែងមួយដែលមានចម្ងាយច្រើនគីឡូម៉ែត្រពីកន្លែងកើតហេតុ។
នាយកដ្ឋានគ្រប់គ្រងគ្រឿងស្រវឹង ថ្នាំជក់ កាំភ្លើង និងគ្រឿងផ្ទុះ របស់រដ្ឋ Maryland និង ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) ឱ្យដឹងថា កម្លាំងពិសេសរបស់ពួកគេកំពុងប្រឹងប្រែងជួយដល់ការិយាល័យប៉ូលិសដើម្បីស៊ើបអង្កេតលើករណីបាញ់ប្រហារនេះ។
នេះគឺជាករណីបាញ់រះលើកទី ២៥៤ នៅ សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ ២០២២ ដែលតួលេខនេះជិតស្មើនឹងករណីបាញ់រះសរុបក្នុងឆ្នាំ ២០២១ នេះបើតាមអង្គការកត់ត្រាករណីហិង្សាពាក់ព័ន្ធនឹងកាំភ្លើង។
កាលពីខែឧសភាកន្លងទៅ មានករណីផ្ទុះអាវុធមួយនៅឯសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋ Texas បានបណ្ដាលឱ្យសិស្ស និងគ្រូបង្រៀនចំនួន ១៩ នាក់បាត់បង់ជីវិត។ ជនសង្ស័យ Salvador Ramos ត្រូវបានប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ៕