សហរដ្ឋអាម៉េរិក អនុម័តលក់គ្រឿងបន្លាស់ ឧបករណ៍ជុសជុលតម្លៃ ១២០ លានដុល្លារ ដើម្បីកងកម្លាំងការពារកោះតៃវ៉ាន់ រក្សាសកម្មភាពរបស់នាវាចម្បាំងលើផ្ទៃទឹក។
អង្គភាពសហប្រតិបត្តិការសន្តិសុខជាតិ (DSCA) របស់ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី ៨ មិថុនា បានប្រកាសថា ក្រសួងការបរទេសអាម៉េរិក បានអនុម័តលើកិច្ចព្រមព្រៀងដែលមានសក្ដានុពលដើម្បីផ្ដល់គ្រឿងបន្លាស់ ឧបករណ៍ និងបច្ចេកទេសសម្រាប់ជួសជុលនាវាចម្បាំងរបស់ កោះតៃវ៉ាន់។ គ្រឿងបន្លាស់ដែលមានតម្លៃសរុប ១២០ លានដុល្លារនេះ នឹងត្រូវបានយកពីក្រុមហ៊ុនផលិតដែល ទីក្រុងវ៉ាស៊ីងតោន បានអនុម័ត ឬយកពីឃ្លាំងរបស់ កងទ័ពជើងទឹកអាម៉េរិក។
«ករណីទិញដូរនេះនឹងរួមចំណែកក្នុងការរក្សាវត្តមាននាវាលើផ្ទៃទឹករបស់ភាគីទទួល ជួយឱ្យពួកគេស្ដារសមត្ថភាពទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងអនាគត។ កិច្ចព្រមព្រៀងនេះក៏ធានានូវអំណាចយោធារបស់អ្នកទទួល និងបង្កើនសមត្ថភាពក្នុងការផ្គុំកម្លាំងជាមួយ សហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្ត» ប្រកាសរបស់ DSCA មានឃ្លាសរសេរដូច្នេះ។
ការសម្រេចអនុម័តរបស់ ក្រសួងការបរទេសអាម៉េរិក ខាងលើ ត្រូវបានប្រកាសជូនដំណឹងដល់ សភាអាម៉េរិក រួចហើយ ដូច្នេះ ស្ថាប័ននេះមានពេល ៣០ ថ្ងៃ ដើម្បីធ្វើការសម្រេចថា គួររារាំង ឬអត់។
បើមិនមានអ្វីផ្លាស់ប្ដូរ ការសម្រេចនេះនឹងត្រូវបានបញ្ជូនឡើងទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាអនុម័តចុងក្រោយ។
ភាគីខាង តៃវ៉ាន់ ឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចត្រូវបានធ្វើឡើងក្នុងរយៈពេល ១ ខែ ហើយអរគុណចំពោះ ទីក្រុងវ៉ាស៊ីងតោន ដែលបានជួយការពារកោះនេះ។
ប្រទេសចិន (ចិនដីគោក) ចាត់ទុក កោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលមិនអាចកាត់ផ្ដាច់បាន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ បើទោះជាត្រូវប្រើកម្លាំងបាយក៏ដោយ។