Skip to content

រាជបុត្រី​នៃ​រាជវង្ស​ន័​រ​វែ​ស ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​អាម៉េរិក

រាជវាំង​ន័​រ​វែ​ស ប្រកាសថា ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា បាន​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​អាម៉េរិក ឈ្មោះ Durek Verret ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​គ្រូមន្តអាគម។

«ព្រះមហាក្សត្រ និង​ព្រះ​អគ្គមហេសី ប្រទាន​ពរ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត សង្ឃឹមថា អ្នក​ទាំងពីរ​នឹង​ទទួលបាន​ប្រការល្អៗបំផុត​ក្នុង​អនាគត» រាជវាំង​ន័​រ​វែ​ស ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មិថុនា ជាការ​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា រាជបុត្រី Martha Louis បាន​ភ្ជាប់ពាក្យ។

ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជា​រាជបុត្រី​របស់​មហាក្សត្រ Harald ឈរ​លំដាប់​ទី ៤ នៅក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ត្រូវ​ស្នង​រាជបល្ល័ង្ក ប៉ុន្តែ បាន​បោះបង់​តំណែង ឋានៈ និង​ភារកិច្ច​ជា​រាជវង្ស​ស្ទើរតែ​ទាំងអស់​ដើម្បី​ផ្ដោតលើ​សកម្មភាព​ផ្ទាល់ខ្លួន។ ព្រះ​នាង​គឺជា​មនុស្ស​ជឿ​លើ​រឿង​អ​បិ​យ​ជំនឿ និង​ធ្លាប់​ប្រកាសថា​អាច​ទំនាក់ទំនង​បាន​ជាមួយនឹង​ពពួក​ទេវតា។

រាជបុត្រី​អង្គ​នេះ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ Durek Verret តាំងពី​ខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «គ្រូមន្តអាគម Durek» ធ្លាប់​ព្យាបាល​ជំងឺ​ឱ្យ​តារា​សម្ដែង​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

ព្រះ​នាង Martha ធ្លាប់បាន​រៀប​អភិសេក​ជាមួយ​កំពូល​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស Ari Behn កាលពី​ឆ្នាំ ២០០២ និង​មាន​បុត្រី ៣ អង្គ​ជាមួយគ្នា។ អ្នក​ទាំង​ពីរបាន​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ហើយ​ក្រោយមក Ari Behn បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំ ២០១៩ ក្នុង​វ័យ ៤៧ ឆ្នាំ។

Leave a Reply

Your email address will not be published. Required fields are marked *