Skip to content

អង្គការសហប្រជាជាតិ ថា «គ្រោះ​ទូរ​ភិ​ក្ស​អាក្រក់​បំផុត» នឹង​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

(សហរដ្ឋ​អាម៉េរិក)-អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពិភពលោក អាច​រុញច្រាន​មនុស្ស ១.៦ ពាន់​លាន​នាក់​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​អាក្រក់​បំផុត។

«ផលប៉ះពាល់​ពី​សង្គ្រាម​ទៅលើ​សន្តិសុខ​ស្បៀង ថាមពល និង​ហិរញ្ញវត្ថុ គឺជា​ឥទ្ធិពល​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្ងន់ធ្ងរ និង​កំពុងតែ​បង្កើនល្បឿន» អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres អធិប្បាយ​នៅក្នុង​របាយការណ៍​ស្ដីពី​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៨ មិថុនា។

លោក Antonio Guterres និយាយថា សង្គ្រាម​នេះ​អាច​បណ្ដាលឱ្យមាន​គ្រោះ​អត់ឃ្លាន​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក និង​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាង​ច្របូកច្របល់​ទាក់ទង​នឹង​សេដ្ឋកិច្ចសង្គម។ «មាន​វិធី​តែមួយគត់​ដើម្បី​ទប់ស្កាត់​ព្យុះ​ដែល​កំពុងតែ​កកើតឡើង​នេះ នោះ​គឺ​ការបញ្ចប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន» លោក Antonio Guterres សង្កត់ធ្ងន់​ដូច្នេះ។

មេដឹកនាំ​អង្គការ​ពិភពលោក​រូបនេះ ស្នើ​ឱ្យមាន​កិច្ចចរចា​ជា​កញ្ចប់​ដែល​អនុញ្ញាតឱ្យ​នាំចេញ​ស្បៀង​របស់ អ៊ុយ​ក្រែ​ន តាម​ច្រក​សមុទ្រ​ខ្មៅ និង​នាំចេញ​ស្បៀង និង​ជីរ​បស់ រុស្ស៊ី ដោយ​មិនមាន​ការរារាំង។

របាយការណ៍​របស់ អង្គការសហប្រជាជាតិ ឱ្យដឹងថា ប្រទេស​ចំនួន ៩៤ ជាទី​ដែលមាន​មនុស្ស​រស់នៅ​ប្រហែល ១.៦ ពាន់​លាន​នាក់ រង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ស្បៀងអាហារ និង​ថាមពល។

នៅ​ចុង​ឆ្នាំនេះ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន អាច​នឹង​ធ្វើឱ្យ​បាត់បង់​សន្តិសុខ​ស្បៀង បណ្ដាលឱ្យ​មនុស្ស​ជាង ៣២៣ លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់ ធៀប​នឹង ៤៧ លាន​នាក់​នាបច្ចុប្បន្ន។ ជនជាតិ​អាហ្វ្រិក​ប្រហែល ៥៨ លាន​នាក់​ទៀត អាច​នឹង​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​ក្នុងឆ្នាំនេះ។

ស្ថានភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង អាច​កើន​ដល់ ២.៨ លាន​នាក់​នៅ​ឆ្នាំ ២០២២ ចំណែក ៥០០ លាន​នាក់​នៅ អាស៊ីអាគ្នេយ៍ ក៏​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​នេះដែរ។

របាយការណ៍​ខាងលើ​បាន​លើកឡើងថា «ត្រូវតែ​អនុវត្ត​នូវ​កិច្ចប្រឹងប្រែង​ជាក់ស្ដែង​បន្ថែមទៀត​ដើម្បី​ធានាថា​ប្រភព​ផ្គត់​ផ្គង់ស្បៀង និង​ថាមពល បាន​ទៅ​ដល់ដៃ​អ្នក​ដែល​ងាយ​រង​ផលប៉ះពាល់​បំផុត»៕

Leave a Reply

Your email address will not be published. Required fields are marked *