Skip to content

រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក សម្លាប់​មនុស្ស ១៧ នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស

(អ៊ីរ៉ង់)-រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក និង​ជ្រុល​ទៅបុក​ត្រាក់ទ័រ​មួយគ្រឿង​ដែល​នៅក្បែរនោះ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៧ នាក់ និង​រាប់សិប​នាក់​រងរបួស។

រថភ្លើង​ដឹក​អ្នកដំណើរ ៣៤៨ នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃទី ៨ មិថុនា នៅពេល​កំពុងធ្វើដំណើរ​ពី​ទីក្រុង Mashhad ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីរ៉ង់ ទៅកាន់​ទីក្រុង Yazd ដែល​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ។

អ្នកនាំពាក្យ​អង្គភាព​សង្គ្រោះបន្ទាន់ Mojtaba Khaledi បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ថា «មនុស្ស ១៧ នាក់​បាន​ស្លាប់ និង ៣៧ នាក់​ក្នុងចំណោម​អ្នករងរបួស ៨៦ នាក់ ត្រូវ​ចូល​ពេទ្យ។ ចំនួន​អ្នកស្លាប់​អាច​កើនឡើង ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន»។

Khaledi ឱ្យដឹងថា រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ២៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣ គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់​កន្លែងកើតហេតុ។

អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៦ ក៏មាន​ករណី​គ្រោះថ្នាក់​រថភ្លើង​មួយ​កើតឡើង បន្ទាប់ពី​រថភ្លើង ២ ខ្សែ បាន​បុក​គ្នា និង​ឆាបឆេះ​នៅ​ភាគ​ខាងជើង​ប្រទេស បណ្ដាលឱ្យ​មនុស្ស ៤៤ នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់​រងរបួស ។ មេដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ផ្លូវដែក​របស់ អ៊ីរ៉ង់ ពេល​នោះបាន​លាលែង​ពី​តំណែង បន្ទាប់ពី​បុគ្គលិក ៤ នាក់​របស់លោក​ត្រូវបាន​ចាប់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *