Skip to content

ខាង​អគ្គិសនី​ធ្វើ​កូដកម្ម ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ

បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹងធ្វើ​ឱ្យ​ស្ថានការណ៍​នៅ ស្រីលង្កា កាន់តែ​ស្មុគស្មាញ ក្នុង​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមកនេះ​មិនទាន់មាន​ច្រកចេញ។

ប្រទេស​ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​ចាប់ពី​ព្រឹក​ថ្ងៃទី ៩ មិថុនា ដោយសារតែ​សហជីព​ក្នុង​វិស័យ​អគ្គិសនី​របស់​ប្រទេស​នេះ ប្រកាស​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល។

សហជីព​អគ្គិសនី​ស្រីលង្កា បានឱ្យដឹងថា កូដកម្ម​នេះ​នឹងមិន​មានកំណត់​ពេល​ឡើយ។ បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹង​នាំឱ្យ​ស្ថានការណ៍​នៅ​ប្រទេស​កោះ​មួយ​នេះ​កាន់​ដុនដាប​ថែម​មួយកម្រិត​ទៀត ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រកឃើញ​ដំណោះស្រាយ​សមស្រប។

យោងតាម​សហជីព​អគ្គិសនី​ស្រីលង្កា វិស្វករ​ប្រហែល ៩០០ នាក់ ក្នុងចំណោម ១,១០០ នាក់ របស់​ក្រុមហ៊ុន​អគ្គិសនី Ceylon ដែលជា​ស្ថាន​ប័ន​របស់​រដ្ឋ និង​ជា​អ្នក​ផលិត​អគ្គិសនី​ធំជាងគេ​នៅ ស្រីលង្កា បាន​ចុះឈ្មោះ​មិន​មក​ធ្វើការ​ក្នុង​ថ្ងៃទី ៩ មិថុនា។ ក្រុម​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ផ្នែក​ផលិត បញ្ជូន​ថាមពល និង​បែងចែក​អគ្គិសនី នឹង​ចាក​ចេញពី​កន្លែងធ្វើការ​នៅ​ពាក់​កណ្ដាលយប់។

ស្រីលង្កា កំពុងតែ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​រាប់​ចាប់តាំងពី​ដណ្ដើមបាន​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨។ ប្រជាជន ២២ លាន​នាក់​របស់​ប្រទេស​នេះ​កំពុងតែ​ជួប​ការលំបាក​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ឧស្ម័ន ស្បៀងអាហារ ឱសថ និង​ទំនិញ​ចាំបាច់​ជាច្រើន​ផ្សេងទៀត។

បញ្ហា​ដាច់​ភ្លើង​បានកើត​ឡើងជា​ញឹកញាប់​នៅ ស្រីលង្កា គិត​ចាប់ពី​ដើមឆ្នាំ​នេះ ព្រោះតែ​ខ្វះ​រូបិយប័ណ្ណ​អន្តរជាតិ​ដើម្បី​នាំចូល​ឧស្ម័ន​បម្រើ​ដល់​ការផលិត​អគ្គិសនី។

បច្ចុប្បន្ន ស្ថានការណ៍​ដាច់​ភ្លើង​បាន​ប្រសើរឡើង​បន្តិច​ហើយដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ច្រើន ជួយ​ឱ្យ​បណ្ដា​រោងចក្រ​វា​រី​អគ្គិសនី​ដំណើរការបាន​រលូន​ជាង​មុន។ ក៏ប៉ុន្តែ បើសិន​កូដកម្ម​ក្នុង​វិស័យ​អគ្គិសនី​មិនត្រូវ​បាន​ដោះស្រាយ ស្រីលង្កា អាច​នឹង​ធ្លាក់​ទៅក្នុង​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​យូរអង្វែង​ជាថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *