កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃទី ៧ មិថុនា បានបង្ហោះវីដេអូមួយបង្ហាញពីក្រុមយន្តហោះចម្បាំងរបស់ប្រទេសនេះ និង សហរដ្ឋអាម៉េរិក ហោះហើររួមគ្នា ដើម្បីបង្ហាញកម្លាំងនៅលើអាកាស ២ ថ្ងៃបន្ទាប់ពី កូរ៉េខាងជើង សាកល្បងអាវុធ។
សកម្មភាពហោះហើរជាក្រុមរបស់បណ្ដាយន្តហោះចម្បាំងរបស់ កូរ៉េខាងត្បូង-អាម៉េរិក នេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពបាញ់សាកល្បងមីស៊ីលចំនួន ៨ គ្រាប់របស់ ទីក្រុងព្យុងយ៉ាង។ ក្នុងចំណោមយន្តហោះចម្បាំងទាំង ២០ គ្រឿង របស់ កូរ៉េខាងត្បូង និង សហរដ្ឋអាម៉េរិក ខាងលើនេះ ក៏មានការចូលរួមរបស់យន្តហោះចម្បាំងបំបាំងកាយ F-៣៥A ផងដែរ។
ការហោះហើររបស់ក្រុមយន្តហោះខាងលើ ត្រូវបានធ្វើឡើងក្នុងគ្រាដែលអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Wendy Sherman កំពុងធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង។ មន្ត្រីរូបនេះអះអាងថា នឹងមានប្រតិកម្មខ្លាំងក្លា និងច្បាស់លាស់ បើសិន កូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអែរ។