ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានរិះគន់យ៉ាងធ្ងន់ទៅលើ លោក ម៉ាក្រុង បន្ទាប់ពីប្រធានាធិបតីបារាំង រូបនេះ និយាយថា «មិនត្រូវបំបាក់មុខ រុស្ស៊ី»។
«ដើម្បីក្លាយជាមេដឹកនាំ អ្នកមិនចាំបាច់ចាត់ទុកខ្លួនឯងជាមេដឹកនាំ ប៉ុន្តែចូរប្រព្រឹត្តឱ្យដូចទៅនឹងមេដឹកនាំម្នាក់» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានថ្លែងក្នុងកិច្ចសម្ភាសមួយដែលបានផ្សាយកាលពីថ្ងៃទី ៧ មិថុនា។ លោកបន្តថា «ធ្វើយ៉ាងណាអាចសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅលើទឹកដីរបស់ អ៊ុយក្រែន ដោយមិនត្រូវការស្ដាប់គោលជំហររបស់យើងខ្ញុំ របស់មេដឹកនាំប្រទេសនេះ? ការណ៍នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់»។
មតិរបស់ខាងលើត្រូវបានលើកឡើងបន្ទាប់ពី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី ៤ មិថុនា បានអំពាវនាវកុំឱ្យ «បំបាក់មុខ រុស្ស៊ី» នៅពេលវាយតម្លៃស្ថានការណ៍សង្គ្រាមនៅ អ៊ុយក្រែន។
«យើងមិនត្រូវបំបាក់មុខ រុស្ស៊ី ទុកដល់ពេលសង្គ្រាមឈប់ទ្រឹងមកវិញ យើងអាចកសាងច្រកចេញតាមរយៈវិធានការការទូត។ ខ្ញុំជឿថា បារាំង ដើរតួនាទីជាមហាអំណាចសម្រុះសម្រួល។ យើងមិនមិនបំបាក់មុខអ្នកណាទាំងអស់។ យើងនឹងឆ្លើយតបឱ្យបានសមស្រប» លោក ម៉ាក្រុង អះអាងដូច្នេះ។
លោក ហ្សេឡែនស្គី ឱ្យដឹងថា លោកបានត្រៀមខ្លួនរួចហើយសម្រាប់ចូលរួមកិច្ចចរចាជាមួយ រុស្ស៊ី ប៉ុន្តែ មនុស្សតែម្នាក់គត់ដែលអាចពិភាក្សាអំពីការបញ្ចប់សង្គ្រាមបាន គឺលោក ពូទីន។