រដ្ឋាភិបាលថៃ បានអនុម័តលើសេចក្ដីព្រាងច្បាប់ដៃគូស៊ីវិល (Civil Partnership Bill) ដែលមានមាត្រាជាច្រើនអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នាទទួលបានការគាំពារដោយច្បាប់ មានសិទ្ធិរៀបការ មានសិទ្ធិនិងភារកិច្ចដូចទៅនឹងបណ្ដាគូស្រករធម្មតាដទៃទៀត។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា (Prayut Chan-o-cha) កាលពីម្សិលមិញបានអះអាងថា សេចក្ដីព្រាងច្បាប់ដៃគូស៊ីវិលគឺជាច្បាប់ថ្មីដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលជាសកល ពិសេសគឺសមភាពយេនឌ័រ និងពហុភេទ។ នេះគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិដែលត្រូវតែទទួលបានការការពារទៅតាមច្បាប់អន្តរជាតិ។
ទំនាក់ទំនងរបស់មនុស្សភេទដូចគ្នា និងអាពាហ៍ពិពាហ៍របស់មនុស្សភេទដូចគ្នា បាននាំឱ្យមានសំណើស្ដីពីការធ្វើវិសោធនកម្មច្បាប់មួយចំនួនរបស់ ប្រទេសថៃ ព្រោះតែសមាជិកគ្រួសារនានាមានបញ្ហាផ្លូវច្បាប់ដែលទាក់ទិននឹងការស្នងមរតក ទ្រព្យសម្បត្តិ ការធ្វើបណ្ដាំមរតក ការពពោះជំនួស ការទទួលកូនអ្នកដទៃមកចិញ្ចឹម និងបញ្ហាសង្គមជាច្រើនផ្សេងទៀត។
លោក ប្រាយុទ្ធ ចាន់ អូចា ឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យ ក្រសួងយុត្តិធម៌សិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅលើសេចក្ដីព្រាងច្បាប់នេះ និងសួរយោបល់គ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងតំណាងបណ្ដាសាសនា ដើម្បីកែសម្រួលនូវបញ្ហាចន្លោះប្រហោងនានា។
សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានអនុម័តកាលពីខែកក្កដា ២០២។ ដោយសារតែ រដ្ឋាភិបាលថៃ យល់ថា សេចក្ដីព្រាងច្បាប់នេះត្រូវការសិក្សាបន្ថែមដើម្បីពិចារណាអំពីភាពចាំបាច់ និងសុំយោបល់ពីសាធារណជន វាក៏ត្រូវបានក្រុមប្រឹក្សាជាតិ ដែលជាទីប្រឹក្សារបស់ រដ្ឋាភិបាលថៃ ពិនិត្យឡើងវិញមុនពេលបញ្ជូនទៅឱ្យ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៧ មិថុនាកន្លងទៅ។
ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ អនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នាចុះបញ្ជីអាពាហ៍ពិពាហ៍, សុំកូនគេមកចិញ្ចឹម, មានសិទ្ធិទាមទារមរតក និងឈរឈ្មោះកាន់កាប់ទ្រព្យសម្បត្តិ។ សេចក្ដីព្រាងច្បាប់នេះកំណត់ថា ដើម្បីអាចរៀបការបាន គូស្រករភេទដូចគ្នាត្រូវតែមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ហើយយ៉ាងតិចម្នាក់ក្នុងចំណោមពួកគេត្រូវតែជាពលរដ្ឋថៃ រួមនឹងប្រការជាច្រើនផ្សេងទៀត។
សេចក្ដីព្រាងច្បាប់ខាងលើនឹងត្រូវបានបញ្ជូនឡើងទៅកាន់សភាដើម្បីអនុម័ត មុនពេលមានសុពលភាពជាផ្លូវការ។