Skip to content

រដ្ឋមន្ត្រី​របស់ ប្រទេស​ដូមីនីក (Dominica) ត្រូវគេ​លួច​ធ្វើឃាត​នៅក្នុង​ការិយាល័យ

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន របស់ សាធារណរដ្ឋ​​ដូមីនីក លោក Orlando Jorge Mera ត្រូវបាន​គេ​លួច​បាញ់សម្លាប់​ក្នុង​ការិយាល័យ ហើយ​ជនសង្ស័យ​គឺ​ត្រូវជា​មិត្ត​ជិតស្និទ្ធ។

ការិយាល័យ​ប្រធានាធិបតី​នៃ ប្រទេស​ដូមីនីក Luis Abinader កាលពី​ថ្ងៃទី ៦ មិថុនា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន Orlando Jorge Mera អាយុ ៥៥ ឆ្នាំ ត្រូវ​មិត្ត​ជិតស្និទ្ធ​កាលពី​នៅ​ក្មេង​ឈ្មោះ Miguel Cruz បាញ់សម្លាប់​នៅក្នុង​ការិយាល័យ។

បុគ្គលិក​នៅ​ក្រសួង​ខាងលើ​ឱ្យដឹងថា ពួកគេ​បានឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ចំនួន ៧ គ្រាប់។ ភ្លាមៗបន្ទាប់​នោះ សមត្ថកិច្ច​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​បានដាក់​បម្រាម​គោចរ​នៅក្នុង​អគារ​កើតហេតុ ជាទី​ដែលមាន​ក្រសួងទេសចរណ៍ ផងដែរ។ ជនសង្ស័យ​ឈ្មោះ Cruz ត្រូវបាន​គេ​ជឿថា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​វិហារ​មួយ​នៅក្បែរនោះ។

លោក Orlando Jorge Mera អតីត​មេធាវី និង​ជា​សមាជិក​នៃ​ត្រកូល​អ្នកនយោបាយ​ដែលមាន​អំណាច​ខ្លាំង​នៅ ប្រទេស​កោះ ដូ​មី​នី​ក។ លោក​បាន​បង្កើត​គណបក្ស​បដិវត្តន៍​ទំនើប និង​ត្រូវបាន​ជ្រើសតាំង​ជា រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន តាំងពី​ខែសីហា ២០២០។

ឪពុក​របស់លោក​គឺ Salvador Jorge Blanco ជា​អតីត​ប្រធានាធិបតី​របស់ សាធារណរដ្ឋ​ដូ​មី​នី​ក ចាប់ពី​ឆ្នាំ ១៩៨២ ដល់ ១៩៨៦ ខណៈដែល​ប្អូនស្រី​របស់លោក​គឺ Dilia Leticia ជា អនុរដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Abinader។ កូនប្រុស​របស់លោក Orlando Jorge Mera ឈ្មោះ Orlando Jorge Villegas ក៏​ជា​សមាជិក​បក្ស​បដិវត្តន៍​ទំនើប។ ភរិយា​របស់លោក​ឈ្មោះ Patricia Selma Villegas Garcia គឺជា​ឯកអគ្គរដ្ឋទូត​របស់ សាធារណរដ្ឋ​ដូ​មី​នី​ក ប្រចាំ ប្រទេស​ប្រេ​ស៊ី​ល។

Leave a Reply

Your email address will not be published. Required fields are marked *