Skip to content

បណ្ដា​ប្រទេស​ដែល​ធ្លាប់បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ

នៅមុន ប្រទេស​តួ​ក​គី (Turkey) មាន​ប្រទេស​មួយចំនួន​ក៏​ធ្លាប់បាន​ប្ដូរ​ឈ្មោះ​ប្រទេស ដោយ​មូលហេតុ​អាច​បណ្ដាលមកពី កត្តានយោបាយ ប្រវត្តិសាស្ត្រ ហើយ​ក៏មាន​ករណីខ្លះ​គឺ​ដើម្បី​ឃោសនា​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​ផងដែរ។

កាលពី​ថ្ងៃទី ២ មិថុនា អង្គការសហប្រជាជាតិ (UN) ប្រកាសថា ឈ្មោះ « Türkiye» នឹងត្រូវ​បាន​ហៅ​ជំនួស​ឈ្មោះ «Turkey»។

«Türkiye គឺជា​ឈ្មោះ​ល្អ​បំផុត​សម្រាប់​វប្បធម៌ និង​តម្លៃ​របស់ ជនជាតិ​តួ​ក​គី» ប្រធានាធិបតី Recep Tayyip Erdogan ថ្លែង​ដូច្នេះ​កាលពី​ខែធ្នូ ២០២១ នៅពេល​រដ្ឋាភិបាល​ប្រកាស​អំពី​ការប្ដូរឈ្មោះ​ប្រទេស។

ឈ្មោះ Türkiye ត្រូវបាន​ប្រើប្រាស់​នៅ តួ​ក​គី ក្នុង​ឆ្នាំ ១៩២៣ នៅពេលដែល​ដែនដី​នេះ​ក្លាយជា​ប្រទេស​ថ្មី​បន្ទាប់ពី ចក្រភព​អូ​តូ​ម៉​ង់ (Ottoman) បាន​ដួលរលំ។ ប៉ុន្តែ តួ​ក​គី បាន​ប្រើប្រាស់​ឈ្មោះ Turkey នៅលើ​ឆាក​អន្តរជាតិ។ Türkiye និង Turkey មាន​សំឡេង​ស្រដៀង​គ្នា ដោយ Türkiye មាន​ថែម​សំឡេង «yay» នៅ​ខាងចុង។

ហូ​ឡង់ (Netherlands)

រដ្ឋាភិបាល​ហូ​ឡង់ (Netherlands) ក៏​ធ្លាប់បាន​ប្ដូរ​ឈ្មោះ​ពី Holland ផងដែរ។ មកដល់​ឆ្នាំ ២០២០ ក្រុម​មេដឹកនាំ​ក្រុមហ៊ុន គណៈកម្មការ​ទេសចរ​ណ៍ និង​រដ្ឋាភិបាលកណ្ដាល​របស់ ហូ​ឡង់ សុទ្ធតែ​ប្រើប្រាស់​ឈ្មោះ Netherlands។

បច្ចុប្បន្ន ហូ​ឡង់​ខាងជើង និង ហូ​ឡង់​ខាងត្បូង គ្រាន់តែ​ជា ២ ក្នុងចំណោម​ខេត្ត​ចំនួន ១២ របស់ ប្រទេស​ហូ​ឡង់ (Netherlands) ប៉ុណ្ណោះ។

ការប្ដូរឈ្មោះ​នេះ​គឺ​ក្នុង​បំណង​ចាក​ផុតពី​ទំនាក់ទំនង​នៃ​ប្រទេស​នេះ​ជាមួយនឹង​ការប្រើប្រាស់​គ្រឿងញៀន​ជាការ​កម្សាន្ត និង​ពេស្យាចារ​ស្របច្បាប់។

ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia)

ឆ្នាំ ២០១៩ សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង ដោយសារ​បញ្ហានយោបាយ​ជាមួយនឹង ប្រទេស​ក្រិ​ក។ ប៉ុន្តែ ឈ្មោះ​សម្រាប់​ហៅ​ភាសាផ្លូវការ និង​ពលរដ្ឋ នៅតែ​ជា ម៉ា​សេ​ដ្វា​ន។

រាជាណាចក្រ​ស្វា​ស៊ី​ឡង់ (Swaziland) បច្ចុប្បន្ន​គឺ រាជាណាចក្រ​អេ​ស្វា​ទី​នី (Eswatini)

កាលពី​ខែមេសា ២០១៨ មហាក្សត្រ Mswati ទី​បី បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពី ស្វា​ស៊ី​ឡង់ ទៅជា អេ​ស្វា​ទី​នី ដើម្បី​រួចផុត​ពី​អតីតកាល​ដែលជា​ប្រទេស​ស្ថិតក្នុង​អាណានិគម ប្រទេស​ស្វា​ស៊ី​ឡង់។

សាធារណរដ្ឋ​ឆែក (Czechia/Czech Republic)

មូលហេតុ​នៃ​ការប្ដូរឈ្មោះ​របស់ សាធារណរដ្ឋ​ឆែក គឺ​ដើម្បី​ឃោសនា​កិត្តិនាម​ប្រទេសជាតិ។ ឆ្នាំ ២០១៦ រដ្ឋាភិបាល​ឆែក សម្រេច​ប្រើប្រាស់​ឈ្មោះ Czechia ជា​ផ្លូវការ។ ដូច​ទៅនឹង សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​ឆែក ក៏​អាច​ត្រូវបាន​គេ​ហៅថា Czechia ដែល​អាន​ថា ឆែ​កៀ។

កាប់​វែ​រ (Cabo Verde)

ប្រទេស​កោះ​មួយ​នេះ​បាន​ដាក់សំណើ​ប្ដូរ​ឈ្មោះ​ប្រទេស​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៣។ មុន​នោះ Cabo Verde

ត្រូវបាន​គេ​ហៅថា Cape Verde។ មូលហេតុ​នៃ​ការប្ដូរឈ្មោះ​នេះ​គឺ​គេ​សង្ឃឹមថា Cabo Verde នឹង​នាំមក​នូវ​ការ​ស្រមៃ​វិជ្ជមាន​ចំពោះ​ព្រះអាទិត្យ សមុទ្រ និង​មនុស្ស ប្រកបដោយ​សុភមង្គល។

ស្រីលង្កា (Sri Lanka)

ដូច​ទៅនឹង អេ​ស្វា​ទី​នី (Eswatini) ប្រទេស​ស្រីលង្កា (សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា) ប្ដូរ​ឈ្មោះ​ក៏​ព្រោះតែ​ចង់​ចាក​ផុតពី​អតីតកាល​ដែលជា​ទឹកដី​អាណានិគម​របស់​បរទេស។ បើទោះជា​ការប្ដូរឈ្មោះ​ត្រូវបាន​ធ្វើឡើង​តាំងតែ​ពី​ឆ្នាំ ១៩៧២ ក្រោយពី​ដណ្ដើមបាន​ឯករាជ្យ​ពី អង់គ្លេស ប៉ុន្តែ រហូតដល់​ឆ្នាំ ២០១១ ទើប ស្រីលង្កា សម្រេច​លុបឈ្មោះ Ceylon (ស៊ី​ឡុង) ចេញពី​រដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *