គណៈរដ្ឋមន្ត្រីអ៊ុយក្រែន គណនាឃើញថា ប្រទេសនេះរងការខាតបង់ ៦០០ ពាន់លានដុល្លារអាម៉េរិក ក្រោយរយៈពេលជិត ១០០ ថ្ងៃ ដែល រុស្ស៊ី បានចូលឈ្លានពាន។
«តាមការគណនារបស់រដ្ឋាភិបាល ការខូចខាតដែលសេដ្ឋកិច្ចរបស់ អ៊ុយក្រែន ត្រូវរងដោយសារតែសង្គ្រាម បានកើនឡើងដល់ ៦០០ ពាន់លានដុល្លារអាម៉េរិក» នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal ឱ្យដឹងនៅក្នុងវេទិកា GLOBSEC ២០២២ នៅ Bratislava កាលពីថ្ងៃទី ២ មិថុនា។
តួលេខ ៦០០ ពាន់លានដុល្លារនេះគឺជាការខូចខាតពីសេដ្ឋកិច្ចដែលត្រូវបានពន្យារពេល ច្រកនាំចេញត្រូវរាំងខ្ទប់ បណ្ដាក្រុមហ៊ុនត្រូវបានផ្អាកសកម្មភាព ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង ផ្លូវថ្នល់ បណ្ដាញទំនាក់ទំនង។ល។
នាយករដ្ឋមន្ត្រី និង ប្រធានាធិបតីអ៊ុយក្រែន និយាយថា ដើម្បីស្ដារប្រទេសឡើងវិញ អ៊ុយក្រែន ត្រូវការកិច្ចសហការ និងជំនួយពីវិស័យឯកជន និងរដ្ឋាភិបាលបរទេស ពិសេសគឺបស្ចិមលោក។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីអាម៉េរិក កាលពីពេលកន្លងក៏បានឱ្យដឹងថា សហភាពអឺរ៉ុប និង សហរដ្ឋអាម៉េរិក កំពុងរកវិធីប្រើប្រាស់ទ្រព្យដែលរឹបអូសបានពីក្រុមអ្នកមានរបស់ រុស្ស៊ី ដើម្បីស្ដារ ប្រទេសអ៊ុយក្រែន ឡើងវិញ៕