កងនាវាប៉ាស៊ីហ្វិក នៃ កងទ័ពជើងទឹករុស្ស៊ី ធ្វើសមយុទ្ធរយៈពេលមួយសប្ដាហ៍ជាមួយនឹងវិញ្ញាសារជាច្រើន ក្នុងនោះមានទាំងការរុករកនាវាមុជទឹករបស់សត្រូវផងដែរ។
ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា សមយុទ្ធដែលធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១០ មិថុនា ដោយមានការចូលរួមរបស់នាវាជាង ៤០ គ្រឿង និងយន្តហោះ ២០ គ្រឿងនេះ គឺជាសកម្មភាពស្ថិតក្នុងកម្មវិធីហ្វឹកហ្វឺនទៀងទាត់ដែលមានគម្រោងពីមុនមកហើយ។
សមយុទ្ធនេះក៏មានវត្តមានរបស់ក្រុមនាវាចម្បាំងយុទ្ធសាស្ត្រ នាវាអមការពារ នាវាមុជទឹក នាវារុករកគ្រាប់មីន នាវាមីស៊ីល និងនាវាដឹកជញ្ជូនផងដែរ។
ព្រឹត្តិការណ៍នេះកើតឡើងមួយសប្ដាហ៍បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក Tu-៩៥MS របស់ រុស្ស៊ី និង H-៦ របស់ ចិន ធ្វើសមយុទ្ធរួមគ្នាក្នុងរយៈពេល ១៣ ម៉ោង លើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នាំឱ្យ ទីក្រុងសេអ៊ូល និង តូក្យូ បញ្ចេញយន្តហោះចម្បាំងទៅទប់ទល់។
សមយុទ្ធរុស្ស៊ី-ចិន នេះ ត្រូវបានធ្វើឡើងនៅពេលបណ្ដាមេដឹកនាំនៃក្រុមចតុភាគី រួមមាន អាម៉េរិក, ជប៉ុន, អូស្ត្រាលី និង ឥណ្ឌា ជួបប្រជុំនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន។