តុលាការចិន ប្រកាសសាលក្រមកាត់ទោសប្រហារជីវិតចំពោះ Tong Daochi អតីតមន្ត្រីនៃគណៈកម្មការមូលបត្រចិន ព្រោះតែទទួលសំណូក និងជួញដូរភាគហ៊ុនដោយខុសច្បាប់។
តុលាការថ្នាក់កណ្ដាលរបស់ទីក្រុង Shenzhen ខេត្ត ក្វាងតុង កាលពីថ្ងៃទី ២ មិថុនា បានប្រកាសកាត់ទោសប្រហារជីវិតដោយមានការព្យួរទោស ២ ឆ្នាំ ចំពោះ Tong Daochi។ ទោសនេះតែងត្រូវបានបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិត បើសិនទណ្ឌិតត្រូវបានគេមើលឃើញថា មានការកែប្រែល្អ។
Tong Daochi ក៏ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយពេញមួយជីវិត និងត្រូវរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ។
Tong Daochi ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត Hainan និងជាអតីតលេខាបក្សក្រុង Sanya នៃខេត្តនេះ។ ជននេះធ្លាប់កាន់តំណែងមួយចំនួននៅក្នុងគណៈកម្មការគ្រប់គ្រងផ្សារមូលបត្រចិន (CSRC)។
យោងតាមឯកសារពីតុលាការ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០២០ Tong បានប្រើប្រាស់តួនាទីនៅ CSRC និង Hainan ដើម្បីជួយដល់អ្នកដទៃក្នុងការបោះផ្សាយមូលបត្រសាធារណៈដំបូង (IPO), សកម្មភាពជំនួញ ការខ្ចីបុល និងការដំឡើងតំណែង។ ជំនួសមកវិញ ជននេះទទួលបានប្រាក់ និងអំណោយតម្លៃជាង ២៧៤ លានយុន ប្រហែល ៤១ លានដុល្លារអាម៉េរិក។
ទន្ទឹមនឹងនេះ Tong ក៏ត្រូវបានគេរកឃើញថា បានប្រើប្រាស់ព័ត៌មានផ្ទៃក្នុងដែលខ្លួនដឹងតាមរយៈតំណែងនៅ CSRC ដើម្បីណែនាំឱ្យអ្នកនៅក្បែរខ្លួន ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងខ្លួន ទិញភាគហ៊ុនដែលទាក់ទង មានតម្លៃជាង ៣១ លានយុន ប្រហែល ៤.៧ លានដុល្លារអាម៉េរិក រកប្រាក់ចំណេញខុសច្បាប់បានជាង ៣.៣៨ លានយុន ប្រហែល ៥០៧,០០០ ដុល្លារអាម៉េរិក ចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៧។
នៅ ប្រទេសចិន បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង ផ្ដួចផ្ដើមយុទ្ធនាការប្រឆាំងអំពើពុករលួយកាលពីឆ្នាំ ២០១២ មនុស្សជាង ១ លាននាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ត្រូវបានចាប់ខ្លួន។