ប្រទេសស៊ុយអែត នឹងផ្ដល់មីស៊ីលកម្ចាត់នាវាចម្បាំង បណ្ដាអាវុធធុនតូច អាវុធប្រឆាំងរថក្រោះធុនស្រាល និងជំនួយហិរញ្ញវត្ថុដល់ អ៊ុយក្រែន នេះបើតាមក្រុមមន្ត្រីជាន់ខ្ពស់របស់ ទីក្រុងស្តុកខុល ឱ្យដឹងកាលពីថ្ងៃទី ២ មិថុនា។
«ជំនួយនេះអាចជួយពង្រឹងកម្លាំងការពារជាតិរបស់ អ៊ុយក្រែន ជាប្រទេសដែលកំពុងស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់។ ការជួយដល់ អ៊ុយក្រែន គឺជារឿងសាមគ្គី និងសំខាន់ចំពោះសន្តិសុខរបស់ ស៊ុយអែត» រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ុយអែត Mikael Damberg បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត Peter Hultqvist។
រដ្ឋមន្ត្រី Peter Hultqvist និយាយថា កាលពីខែកុម្ភៈ ទីក្រុងស្តុកខុល បានផ្ដល់ជំនួយជាសម្ភារយោធាដល់ អ៊ុយក្រែន ក្នុងនោះមានទាំងអាវុធប្រឆាំងរថក្រោះ ៥,០០០ គ្រាប់ផងដែរ។
កញ្ចប់ជំនួយថ្មីនឹងរួមមាន កាំភ្លើងវែងពាក់កណ្ដាលស្វ័យប្រវត្តិ Barrett M៨២ អមជាមួយនឹងគ្រាប់រំសេវ និង អាវុធប្រឆាំងរថក្រោះ ៥,០០០ គ្រាប់ផ្សេងទៀត ព្រមទាំងមីស៊ីលប្រឆាំងនាវាចម្បាំង Robot ១៧ ជាអាវុធដែល ទីក្រុងកៀវ បានស្នើសុំជាពិសេស។
ស៊ុយអែត និង ហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិករបស់ ណាតូ ជាផ្លូវការ នៅពេល រុស្ស៊ី ចូលឈ្លានពានលើ អ៊ុយក្រែន។ បើទោះជាត្រូវបានប្រទេសជាច្រើនក្នុងអង្គការណាតូ ទទួលស្វាគមន៍ ប៉ុន្តែ សំណើរបស់ប្រទេសទាំងពីរខាងលើ កំពុងត្រូវបានរារាំងដោយ ប្រទេសតួកគី ដោយប្រទេសនេះចោទថា ហ្វាំងឡង់ និង ស៊ុយអែត គាំទ្របក្សពលករជនជាតិឃើដ (Kurd – PKK) ដែល តួកគី ចាត់ទុកជាអង្គការភេរវកម្ម។