ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡែនស្គី ទើបតែបានឱ្យដឹងថា កងកម្លាំងរបស់ រុស្ស៊ី បានគ្រប់គ្រង ២០% នៃ ទឹកដីអ៊ុយក្រែន ក្នុងគ្រាដែលសង្គ្រាមរវាង រុស្ស៊ី និងប្រទេសនេះឈានចូលដល់ថ្ងៃទី ១០។
ព័ត៌មានខាងលើត្រូវបានលើកឡើងកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ នៅចំពោះមុខក្រុមអ្នកតាក់តែងច្បាប់នៅ លុចសំបួ (Luxembourg)។ លោក ហ្សេឡែនស្គី បន្ថែមថា តំបន់សមរភូមិមុខបានអូសបន្លាយប្រវែងជាង ១,០០០ គីឡូម៉ែត្រ។ «គ្រប់កម្លាំងបម្រុងរបស់ រុស្ស៊ី សុទ្ធតែបានចូលរួមការវាយប្រហារនេះ» លោក ហ្សេឡែនស្គី សង្កត់ធ្ងន់ដូច្នេះ។
ប្រកាសរបស់ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងចំពេលដែល រុស្ស៊ី កំពុងបង្កើនសកម្មភាពវាយប្រហារទៅលើទីក្រុង Severodonetsk នៅតំបន់ភាគខាងកើត Donbass។
Severodonetsk គឺជាទីក្រុងធំចុងក្រោយនៅ Lugansk ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ ទីក្រុងកៀវ។ អភិបាលខេត្ត Lugansk លោក Serhiy Haidai ឱ្យដឹងថា កម្លាំងរុស្ស៊ី កំពុងព្យាយាមបំបែកខ្សែការពាររបស់ អ៊ុយក្រែន នៅក្នុងទីក្រុងនេះ «ពីគ្រប់ទិសទី»។
ជនស៊ីវិលប្រមាណ ១៥,០០០ នាក់ កំពុងជាប់គាំងនៅក្នុងទីក្រុង Severodonetsk។ មនុស្សជាច្រើនកំពុងលាក់ខ្លួននៅក្នុងរោងចក្រគីមី Azot។