Skip to content

តំណាងរាស្ត្រ​រុស្ស៊ី ស្នើឱ្យ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប

តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Klintsevich និយាយថា រុស្ស៊ី គួរតែ​កម្ទេច​មូលដ្ឋាន​ទ័ព​អាម៉េរិក បន្ទាប់ពី​ប្រទេស​នេះ​ប្រកាស​ផ្ដល់​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS ឱ្យ អ៊ុយ​ក្រែ​ន។

ក្នុង​វីដេអូ​ដែល​ដកស្រង់​ពី​កម្មវិធី​ទូរទស្សន៍​របស់ រុស្ស៊ី បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ២ មិថុនា តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Frant Klintsevich និយាយថា «ដល់ពេល​ដែល​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​ដើម្បី​ព្រមាន​ចំពោះ​ពួកគេ ទាក់ទិន​នឹង​ការផ្ដល់​ប្រព័ន្ធ​ដូចនេះ» ចង់​សំដៅលើ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង M១៤២ (HIMARS) ដែល សហរដ្ឋ​អាម៉េរិក ប្រកាសថា​នឹង​បញ្ជូនទៅឱ្យ អ៊ុយ​ក្រែ​ន។

យោងតាម​លោក Frant Klintsevich រុស្ស៊ី ត្រូវការ​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ និង​បាញ់​ចាំ​គោលដៅ​កម្រិត​ខ្ពស់ ដើម្បី​វាយប្រហារ​លើ​ទីតាំង​ប្រគល់ និង​ទទួល​អាវុធ ដើម្បី​ជាការ​ព្រមាន។ «ដល់​ពេលដែល​ត្រូវកម្ទេច​បណ្ដា​មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប» លោក Frant Klintsevich និយាយ​ដូច្នេះ និង​បន្ថែមថា «នេះ​គឺជា​យោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ រុស្ស៊ី ត្រូវ​ការធ្វើ​ដូច្នេះ បើសិនជា​មិនមាន​អ្នកណា​ស្ដាប់​យើង ហើយ​ជនជាតិ​រុស្ស៊ី ត្រូវបាន​គំរាមកំហែង​នៅលើ​ទឹកដី​របស់ខ្លួន»។

លោក Frant Klintsevich ឱ្យដឹងថា សូ​វៀត ធ្លាប់បាន​បាញ់​ទម្លាក់​យន្តហោះ​អាម៉េរិក រហូតដល់ ១,២៧០ គ្រឿង​នៅក្នុង​សង្គ្រាម​កូរ៉េ ពី​ឆ្នាំ ១៩៥០ ដល់ ១៩៥៣ បើទោះជា​ពេលនោះ​ប្រទេស​ទាំងពីរ​មិនមាន​សង្គ្រាម​នឹង​គ្នា។

ការលើកឡើង​របស់លោក Frant Klintsevich ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាម៉េរិក ប្រកាសថា នឹង​ដឹក​កាំជ្រួច​ហ្វូង HIMARS ដែល​បាញ់​បាន​ចម្ងាយ ៨០ គីឡូម៉ែត្រ ទៅឱ្យ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២ មិថុនា ទីក្រុង​កៀវ បាន​សន្យាថា នឹងមិន​ប្រើប្រាស់​អាវុធ​នេះ​ដើម្បី​វាយប្រហារ​លើ​គោលដៅ​ក្នុង​ទឹកដី​របស់ រុស្ស៊ី ឡើយ។

ចំណែក រុស្ស៊ី វិញ កន្លងមក​ក៏​ធ្លាប់​អះអាងថា ការដែល​បស្ចិម​លោក​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ឱ្យ អ៊ុយ​ក្រែ​ន នឹង​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​កាន់តែ​យូរ។

សហរដ្ឋ​អាម៉េរិក រក្សា​កម្លាំង​របស់ខ្លួន​យ៉ាងច្រើន​នៅ អឺរ៉ុប ក្នុងនោះ​មាន​មូលដ្ឋានទ័ព​ចំនួន ១១៩ កន្លែង​នៅ អាល្លឺម៉ង់ (គិត​ត្រឹម​ឆ្នាំ ២០២១)។ មូលដ្ឋានទ័ព​អាម៉េរិក ដែល​ធំជាងគេ​បង្អស់​នៅ អាល្លឺម៉ង់ គឺ មូលដ្ឋាន​ទ័ពអាកាស Ramstein ដោយមាន​ទំហំ ១២ គីឡូម៉ែត្រ​ក្រឡា។

ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ដែល អាម៉េរិក ដាក់​មូលដ្ឋានទ័ព គឺជា​សមាជិក អង្គការ​ណា​តូ។ បើសិនជា រុស្ស៊ី វាយប្រហារ​លើ មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប នោះ​មានន័យថា ណា​តូ មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​មាត្រា​នៃ​កិច្ចព្រមព្រៀង​ការពារ​គ្នា​របស់​សម្ព័ន្ធ​យោធា​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *