កាលពីថ្ងៃទី ១ មិថុនា ប្រធានគណៈកម្មការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី Andrey Kartapolov ប្រកាសថា យុទ្ធនាការយោធារបស់ មូស្គូ នៅ អ៊ុយក្រែន អាចត្រូវបានបញ្ចប់ បើសិន ទីក្រុងកៀវ យល់ព្រមចរចា។
«យុទ្ធនាការកំពុងប្រព្រឹត្តទៅតាមផែនការ។ តាមខ្ញុំ យុទ្ធនាការនេះនឹងបញ្ចប់នៅពេលមេដឹកនាំអ៊ុយក្រែន សម្រេចចិត្តចរចា» ទូរទស្សន៍រុស្ស៊ី RT ដកស្រង់សម្ដីរបស់លោក Kartapolov ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពីថ្ងៃទី ១ មិថុនា។ មន្ត្រីខាងលើឱ្យដឹងថា ស្ថានការណ៍ជាក់ស្ដែងបានប្ដូរផ្លាស់ ហើយកងកម្លាំងរបស់ ទីក្រុងកៀវ កំពុងចាប់ផ្ដើមបែកបាក់។
ប្រកាសខាងលើត្រូវបានលើកឡើងមួយថ្ងៃបន្ទាប់ពី ប្រធានសភាជាន់ខ្ពស់រុស្ស៊ី Valentina Matviyenko ឱ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដែលឆ្ពោះទៅរកសន្តិភាពជាមួយ អ៊ុយក្រែន។
ចំណែកខាង អ៊ុយក្រែន វិញ បានប្រកាសថា ប្រទេសនេះនឹងមិនឯកភាពលើបទឈប់បាញ់ជាមួយ រុស្ស៊ី ឡើយ បើសិន មូស្គូ មិនដកទ័ព ព្រោះថា រុស្ស៊ី នឹងកាន់កាប់ទឹកដីមួយផ្នែករបស់ អ៊ុយក្រែន។ ប្រធានាធិបតី ហ្សេឡែនស្គី នឹងភ្ជាប់ការចរចាឡើងវិញដើម្បីបញ្ចប់សង្គ្រាម នៅពេល រុស្ស៊ី ដកកម្លាំងត្រលប់ទៅកាន់ទីតាំងដើមនៅមុនថ្ងៃទី ២៤ កុម្ភៈ ២០២២ ជាថ្ងៃដែល រុស្ស៊ី បានចាប់ផ្ដើមចូលឈ្លានពាន អ៊ុយក្រែន។