ក្រោយពីសមយុទ្ធយោធានានាក្នុងពេលថ្មីៗនេះដើម្បីបង្កើនអំណាចសម្រាប់ក្រុមប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះ ទ័ពជើងទឹកចិន កំពុងតែត្រៀមខ្លួនបញ្ចេញកំពូលនាវាផ្ទុកយន្តហោះថ្មី Type ០០៣។
យោងតាមប្រភពព័ត៌មានយោធារបស់ SCMP នាវាផ្ទុកយន្តហោះ Type ០០៣ ថ្មីរបស់ ចិន អាចត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិធីបុណ្យទូកនាគដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ៤ មិថុនាខាងមុខ។
មានសញ្ញាជាច្រើនបង្ហាញថា កំពូលនាវាផ្ទុកយន្តហោះ Type ០០៣ នឹងត្រូវបានបង្ហាញខ្លួននៅចុងសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងការជូនដំណឹងរបស់នាយកដ្ឋានសន្តិសុខចរាចរណ៍ដែនសមុទ្រ ចំពោះតំបន់សមុទ្រដែលនៅខាងក្រៅកំពង់ផែរបស់រោងចក្រផលិតកប៉ាល់ Jiangnan ជាទីដែលកំពុងសាងសង់នាវា Type ០០៣ ផងដែរ។
ពិធីបុណ្យទូកនាគប្រចាំឆ្នាំនៅ ប្រទេសចិន គឺជាឱកាសល្អសម្រាប់នាវា Type ០០៣ ដែលមានទម្ងន់ displacement ៨៥,០០០ តោននេះ ចេញគោចរជាលើកដំបូង។
Type ០០៣ ត្រូវបានចាប់ផ្ដើមស្ថាបនាកាលពីឆ្នាំ ២០១៨ ខណៈ Shandong ដែលជានាវាផ្ទុកយន្តហោះដំបូងគេស្ថាបនានៅ ប្រទេសចិន មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅឡើយ។