Skip to content

ការ​​បញ្ចាំង​រូបភាព​មហាក្សត្រិយានី​អង់គ្លេស​ ទៅលើ​ផ្ទាំងសិលា​ពាន់​ឆ្នាំ អ្នក​រៀប​ចំ​រង​ការ​រិះគន់

ប្រទេស​អង់គ្លេស បញ្ចាំង​រូបភាព​មហាក្សត្រី​របស់​ពួកគេ ទៅលើ​បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ក្នុង​ទិវា​ខួប​គម្រប់ ៧០ ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រី​អង្គ​នេះ ប៉ុន្តែ ទង្វើ​នេះ​ទទួលបាន​ការជំទាស់​ពី​សាធារណមតិ។

ការសម្រេចចិត្ត​បញ្ចាំង​រូបភាព​របស់ មហាក្សត្រិយានី Elizabeth II ទៅលើ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ដែលមាន​អាយុកាល ៥,០០០ ឆ្នាំនេះ ត្រូវបាន​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​ហៅថា «ការគោរព​ប្រកបដោយ​វេទមន្ត»។

ក៏ប៉ុន្តែ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​មានមតិ​ថា បណ្ដុំ​ផ្ទាំងសិលា​បុរាណ Stonehenge នៅ Wiltshire នៃ ប្រទេស​អង់គ្លេស គួរតែ​ត្រូវបាន​រក្សា​ទ្រង់ទ្រាយ​ដើម ព្រោះតែ​នេះ​គឺជា​ទីតាំង​សាសនា​បុរាណ ខណៈដែល​អ្នកខ្លះ​ទៀត​បា​ន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ ដោយ​សរសេរថា ពិតជា​សកម្មភាព​គួរឱ្យ «ពិបាក​ទ្រាំ» នៅពេល​ប្រែក្លាយ​វត្ថុ​បុរាណ​ឱ្យទៅជា​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​មនុស្ស​ជាច្រើន​ដែល​បង្ហាញ​ភាព​រីករាយ​ជាមួយនឹង​គំនិត​ប្លែក​ខាងលើ។

មានមតិ​ជាច្រើន​លើកឡើងថា បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​ពី​ឆ្នាំ ៣០០០ ដល់​ឆ្នាំ ១៥២០ មុន​គ្រិស្តសករាជ។ គោលបំណង​នៃ​ការកសាង​បណ្ដុំ​ថ្ម​បុរាណ​នេះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ អាជ្ញាធរ​គ្រប់គ្រង​បេតិកភណ្ឌ​របស់ អង់គ្លេស English Heritage សន្មត​ថា «ប្រាកដ​ជាមាន​មូល​ហេតុដែល​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ (ឬ​ផ្លូវ​ងងឹត) ទើប​មនុស្ស​នៅក្នុង​យុគសម័យ​ថ្ម និង​ស្ពាន់ ខំប្រឹង​កសាង​វា​ឡើង​ដូច្នេះ»។

English Heritage មិនបាន​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​សាធារណជន ប៉ុន្តែ​បានឱ្យដឹងថា ពួកគេ​ធ្លាប់បាន​បញ្ចាំង​រូបភាព​ទៅលើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge ច្រើនលើក​មកហើយ។ ឆ្នាំ ២០២០ ផ្ទៃមុខ​របស់​បុគ្គល ៨ រូប​ដែល​បាន​ចូលរួម​ជួយ​ដល់​វិស័យ​សិល្បៈ និង​បេតិកភណ្ឌ​អង់គ្លេស​ក្នុងសម័យ​កូ​វីដ-១៩ ត្រូវបាន​បញ្ចាំង​លើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge។ ឆ្នាំ ២០១៤ រូបភាព​ទាហាន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​មួយ​ក៏​ត្រូវបាន​បញ្ចាំង​លើ​ផ្ទាំង​ថ្ម​ទាំងនេះ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ។

មហា​ព្រឹត្តិការណ៍​ខួប ៧០ ឆ្នាំ​នៃ​ការគ្រងរាជ្យសម្បត្តិ​រប​ស់​មហាក្សត្រិយ​នី​អង់គ្លេស ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ០២ មិថុនា ដល់ ៥ មិថុនា ក្នុងនោះ​ក៏មាន​ពិធី​ប្រគំ​តន្ត្រី និង​ព្យុហយាត្រា Trooping the Colour របស់ កងទ័ព​អង់គ្លេស ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *