ក្រុមហ៊ុនថាមពលដាណឺម៉ាក Orsted បញ្ជាក់ថា រុស្ស៊ី កាត់ផ្ដាច់ប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី ០១ មិថុនា ព្រោះបដិសេធទូទាត់ដោយប្រាក់រូប្លរុស្ស៊ី។
ក្រុមហ៊ុន Orsted កាលពីថ្ងៃទី ៣១ ឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី ប្រកាសថា ប្រភពផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសនេះត្រូវបានផ្អាកចាប់ពីម៉ោង ០៦ ព្រឹក ថ្ងៃទី ០១ មិថុនា។ Orsted បានត្រៀមទប់ទល់នឹងបញ្ហានេះដោយការបំឃ្លាំងនៅ ដាណឺម៉ាក និង អាល្លឺម៉ង់ ដើម្បីធានាប្រភពផ្គត់ផ្គង់ដល់អតិថិជន។
«ដោយសារតែមិនមានបំពង់បង្ហូរឧស្ម័នផ្ទាល់ពី រុស្ស៊ី មកកាន់ ដាណឺម៉ាក រុស្ស៊ី នឹងមិនអាចកាត់ផ្ដាច់ដោយផ្ទាល់នូវប្រភពផ្គត់ផ្គង់ឧស្ម័នមកកាន់ប្រទេសរបស់យើង ដូច្នេះហើយ ដាណឺម៉ាក នៅតែមានលទ្ធភាពទទួលបានឧស្ម័ន» ប្រកាសរបស់ក្រុមហ៊ុន Orsted លើកឡើងដូច្នេះ។
ក៏ប៉ុន្តែ ក្រុមហ៊ុន Orsted បាននិយាយថា ដាណឺម៉ាក ត្រូវស្វែងរកទិញឧស្ម័នពីបណ្ដាប្រទេសដទៃនៅ អឺរ៉ុប ដើម្បីបំពេញតម្រូវការ។
រុស្ស៊ី ប្រកាសថា នឹងទទួលយកតែការទូទាត់វិក្កយប័ត្រទិញឧស្ម័នដោយប្រាក់រូប្លរុស្ស៊ី តែប៉ុណ្ណោះ ដោយអ្នកទិញត្រូវបង្កើតគណនីប្រាក់រូប្ល មិនដូច្នេះទេ នឹងត្រូវបានកាត់ផ្ដាច់ការផ្គត់ផ្គង់។ វិធានការនេះត្រូវបាន រុស្ស៊ី ដាក់ចេញដើម្បីឆ្លើយតបនឹងទណ្ឌកម្មអន្តរជាតិ បន្ទាប់ពី ទីក្រុងមូស្គូ ចូលឈ្លានពានទឹកដីរបស់ អ៊ុយក្រែន ចាប់ពីថ្ងៃទី ២៤ កុម្ភៈ រហូតដល់បច្ចុប្បន្ន។
មុននោះមួយថ្ងៃ ក្រុមហ៊ុនថាមពល GasTerra របស់ ហូឡង់ ក៏បានប្រកាសថា Gazprom បានផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសនេះ ព្រោះតែមិនព្រមទូទាត់ដោយប្រាក់រូប្លរុស្ស៊ី។