ក្នុងឱកាស «ទិវាពិភពលោកគ្មានថ្នាំជក់» (World No-Tobacco Day) ស្ថាប័នសុខាភិបាលរដ្ឋ New South Wales (NSW) របស់ ប្រទេសអូស្ត្រាលី បានអំពាវនាវឱ្យអ្នកទាំងឡាយដែលជក់បារី នៅក្នុងរដ្ឋនេះ បោះបង់ការជក់បារី ដើម្បីសុខភាពផ្ទាល់ខ្លួន និងសហគមន៍។
ចំនួនមនុស្សដែលបានបោះបង់ការជក់បារីនៅក្នុងរដ្ឋ NSW កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លទ្ធផលនៃការស្ទង់មតិមួយដែលត្រូវបានប្រកាសនាថ្ងៃទី ៣១ ឧសភានេះ បង្ហាញថា អត្រានៃការជក់បារីប្រចាំថ្ងៃរបស់ពលរដ្ឋវ័យលើសពី ១៦ ឆ្នាំ នៅក្នុងរដ្ឋនេះ បានថយចុះពី ៩.២% ក្នុងឆ្នាំ ២០២០ មកនៅត្រឹម ៨.២% ក្នុងឆ្នាំ ២០២១។
Kerry Chant ប្រធាននាយកដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ NSW ឱ្យដឹងថា ជាសរុប មនុស្សប្រហែល ១.៥ លាននាក់នៅក្នុងរដ្ឋនេះបានបោះបង់ចោលបារីដោយជោគជ័យ។ ប៉ុន្តែ លោកស្រីមានការបារម្ភអំពីការកើនឡើងនៃការប្រើប្រាស់ថ្នាំជក់អេឡិចត្រូនិក ឬស្រូបផ្សែងពីប្រេង (vaping) នៅលើក្រុមយុវវ័យ។