កងកម្លាំងជួយសង្គ្រោះរបស់ នេប៉ាល់ ប្រកាសថា បានរកឃើញសាកសពមនុស្សទាំង ២២ នាក់ ដែលស្ថិតនៅលើយន្តហោះជួបគ្រោះថ្នាក់ ធ្លាក់លើជួរភ្នំហិមាពាន្ត (ហិមាល័យ) កាលពីចុងសប្ដាហ៍កន្លង។
«ការកំណត់អត្តសញ្ញាណនៃសាកសពនឹងត្រូវបានធ្វើឡើង» អ្នកនាំពាក្យរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) Deo Chanra Lal Karna ថ្ងៃនេះបានឱ្យដឹងដូច្នេះ។
យន្តហោះ DHC-៦ Twin Otter របស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air ដែលដឹកអ្នកដំណើរ ១៩ នាក់ និងសមាជិកក្រុមហោះហើរ ៣ នាក់ បានបាត់ទំនាក់ទំនងក្រោយពីបានហោះឡើងពី Pokhara នៅភាគកណ្ដាលប្រទេសនេប៉ាល់ កាលពីព្រឹកថ្ងៃទី ២៩ ឧសភា។
ទីតាំងដែលយន្តហោះខាងលើធ្លាក់ត្រូវបានរកឃើញកាលពីម្សិលមិញ។ យន្តហោះនេះស្ទើរតែបាក់បែកអស់ទាំងស្រុងដោយសារធ្លាក់បុកចង្កេះភ្នំ។ អ្នកដំណើរលើយន្តហោះជួបគ្រោះថ្នាក់នេះត្រូវបានគេឱ្យដឹងថា មាន ៤ នាក់ជាជនជាតិឥណ្ឌា, ២ នាក់ជាជនជាតិអាល្លឺម៉ង់ និង ១៦ នាក់ជាជនជាតិនេប៉ាល់។