ក្រុមហ៊ុនថាមពល GasTerra របស់ ហូឡង់ កាលពីថ្ងៃទី ៣០ ឧសភា ប្រកាសថា ក្រុមហ៊ុនថាមពលរដ្ឋ Gazprom របស់ រុស្ស៊ី នឹងឈប់ផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុននេះ បន្ទាប់ពី ហូឡង់ បានបដិសេធទូទាត់ដោយប្រាក់រូប្លរុស្ស៊ី។
យោងតាមប្រកាសរបស់ GasTerra ក្រុមហ៊ុន Gazprom នឹងឈប់ផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុននេះចាប់ពីថ្ងៃទី ៣១ ឧសភាតទៅ។
ការសម្រេចរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី មានន័យថា ឧស្ម័ន ២ ពាន់លានម៉ែត្រគូប នឹងមិនត្រូវបានផ្គត់ផ្គង់ដល់ ហូឡង់ ចាប់ពីពេលនេះរហូតដល់ខែតុលា ២០២២។ ក្រុមហ៊ុនរបស់ ហូឡង់ បាន «ព្យាកររួចហើយលើបញ្ហានេះ» ហើយបានងាកទៅទិញឧស្ម័នពីកន្លែងដទៃ។
ក្រោយពីលោកខាងលិចចាប់ផ្ដើមដាក់ទណ្ឌកម្មលើ រុស្ស៊ី ព្រោះតែបានចូលឈ្លានពាន អ៊ុយក្រែន ទីក្រុងមូស្គូ ក៏បានតម្រូវឱ្យអតិថិជនដែល «មិនស្និទ្ធ» នឹង រុស្ស៊ី ក្នុងនោះមានប្រទេសជាច្រើននៅ អឺរ៉ុប ទូទាត់ដោយប្រាក់រូប្ល។
មួយផ្នែកនៃក្រុមហ៊ុន GasTerra គឺជាកម្មសិទ្ធិរបស់ រដ្ឋហូឡង់ ដែលធ្វើជំនួញក្នុងវិស័យឧស្ម័នលើពិភពលោក។ វាជាកម្មសិទ្ធិរួមរបស់ Royal Dutch Shell នៃ ប្រទេសអង់គ្លេស (២៥%), Esso (ExxonMobil) របស់ សហរដ្ឋអាម៉េរិក (២៥%) និង ក្រុមហ៊ុន EBN របស់ រដ្ឋាភិបាលហូឡង់ (៥០%)។