សហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Microsoft លោក ប៊ីល ហ្គេត បានប្រាប់សារព័ត៌មានអេស្ប៉ាញ El Diario ថា ជំងឺរាតត្បាតសកលមួយផ្សេងទៀត ដែលនឹងវាយប្រហារលើប្រជាជនពិភពលោកក្នុងអំឡុង ២០ ឆ្នាំទៀតគឺមានលទ្ធភាពកើតឡើងរហូតដល់ ៥០%។
មហាសេដ្ឋី ប៊ីល ហ្គេត ជឿថា នោះអាចជាវីរុសមួយប្រភេទដែលមនុស្សបង្កើតឡើង ឬកើតពីធម្មជាតិដែលបង្កឡើងដោយផលវិបាកដែលទាក់ទិននឹងការប្រែប្រួលនៃអាកាសធាតុ។ កាលពីថ្ងៃទី ៣ ឧសភា លោក ហ្គេត បានបញ្ចេញសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថា «ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលបន្ទាប់»។
មហាសេដ្ឋីរូបនេះ មុននោះបានអំពាវនាវឱ្យរដ្ឋាភិបាលនានា ផ្ដល់ការគាំទ្រដល់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការបង្កើតរូបមន្តកុំព្យូទ័រដើម្បីស្វែងរកការគំរាមកំហែងចំពោះសុខភាពទូទាំងសកលលោក។ ក្រៅពីនេះ លោក ប៊ីល ហ្គេត ក៏បានស្នើឱ្យបង្កើនការចំណាយដើម្បីកែលម្អសមត្ថភាពនៃការត្រៀមខ្លួនជាមុនដើម្បីទប់ទល់នឹងជំងឺរាតត្បាត។
លោក ហ្គេត យល់ថា មានតែ អង្គការសុខភាពពិភពលោក ប៉ុណ្ណោះ ទើបមានសមត្ថភាពបង្កើត និងគ្រប់គ្រងក្រុមជំនាញលំដាប់កំពូលបាន ដោយប្រើប្រាស់ខ្ទង់ប្រាក់ជំនួយប្រមាណ ១ ពាន់លានដុល្លារ/ឆ្នាំ។
កាលពីឆ្នាំ ២០១៥ លោក ប៊ីល ហ្គេត គឺជាមនុស្សដំបូងគេដែលបានព្រមានជាសាធារណៈថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ សម្រាប់ការប្រឈមមុខនឹងជំងឺរាតត្បាតសកលថ្មី។ មហាសេដ្ឋីរូបនេះអះអាងថា វីរុសគឺជាអ្នកបង្កហានិភ័យកើតមានសោកនាដកម្មទូទាំងសកលលោក មិនមែនសង្គ្រាមនោះទេ។
ចំពោះជំងឺរាតត្បាតសកល កូវីដ-១៩ វិញ បច្ចុប្បន្ន ចំនួនករណីឆ្លងសរុបបានកើនឡើងដល់ជាង ៥២៨ លាននាក់ ក្នុងនោះមានប្រមាណ ៦.២ លាននាក់ បានបាត់បង់ជីវិត៕