(សហរដ្ឋអាម៉េរិក)-ក្មេងប្រុសម្នាក់រៀនថ្នាក់ទី ៥ នៅ Florida ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានផ្ញើសារគំរាមថានឹងធ្វើការបាញ់រះ។
សមត្ថកិច្ចមិនបានបង្ហើបឱ្យដឹងអត្តសញ្ញាណរបស់ក្មេងប្រុសអាយុ ១០ ឆ្នាំខាងលើនេះទេ ប៉ុន្តែ បញ្ជាក់ថា ជាសិស្សរៀននៅសាលា Patriot ក្នុងទីក្រុង Cape Coral រដ្ឋ Florida សហរដ្ឋអាម៉េរិក។ ប៉ូលិសបានចាប់វាយខ្នោះ និងនាំខ្លួនឡើងរថយន្តកាលពីព្រលប់ថ្ងៃទី ២៨ ឧសភា។
«សកម្មភាពរបស់សិស្សសាលារូបនេះពិតជាគួរឱ្យព្រួបារម្ភណាស់ ពិសេសគឺបន្ទាប់ពីករណីគួរឱ្យសោកសៅថ្មី ៗនេះនៅ Uvalde រដ្ឋ Texas។ ការធានាសុវត្ថិភាពជូនកូនៗរបស់យើង គឺជារឿងសំខាន់បំផុត» អធិការនគរបាលស្រុក Lee លោក Carmine Marceno ឱ្យដឹងដូច្នេះ។
បច្ចុប្បន្ន មិនទាន់ដឹងថា ក្មេងប្រុសនេះបានផ្ញើសារទៅគំរាមអ្នកណា ក៏ដូចជានឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងណានៅឡើយ។