រដ្ឋាភិបាលអាល្លឺម៉ង់ និងបក្សប្រឆាំង បានឯកភាពគ្នាបញ្ចេញខ្ទង់ប្រាក់ ១០៧ ពាន់លានដុល្លារអាម៉េរិក ទៅក្នុងកញ្ចប់ថវិកាពិសេសដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ប្រទេសនេះ។
សេចក្ដីសម្រេចខាងលើត្រូវបានអនុម័តកាលពីព្រលប់ថ្ងៃទី ២៩ ឧសភា ក្រោយការចរចាយ៉ាងលំបាកអស់ជាច្រើនសប្ដាហ៍រវាងបណ្ដាបក្សក្នុងរដ្ឋាភិបាលចម្រុះ និងបក្សប្រឆាំងរបស់អតីតអធិការបតី Angela Merkel។
ជោគជ័យនៃការចរចាខាងលើនេះជួយឱ្យ រដ្ឋាភិបាលអាល្លឺម៉ង់ បង្កើតខ្ទង់ចំណាយពិសេសសម្រាប់កិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធ និងសម្រេចបានគោលដៅនៃការចំណាយលើវិស័យយោធាប្រមាណ ២% ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ដែល ណាតូ បានកំណត់។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz កាលពីខែកុម្ភៈ បានដាក់សំណើថវិកាពិសេស ១០០ ពាន់លានអឺរ៉ូ (១០៧ ពាន់លានដុល្លារអាម៉េរិក) ដើម្បីបំពាក់អាវុធជាថ្មីដល់កងទ័ពអាល្លឺម៉ង់ និងធ្វើទំនើបកម្មយោធារបស់ប្រទេសនេះក្នុងប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពី រុស្ស៊ី បានបើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន។