កងទ័ពនៃ ប្រទេសនេប៉ាល់ ថ្ងៃទី ៣០ ឧសភានេះ ប្រកាសថា បានរកឃើញទីតាំងរបស់យន្តហោះ De Havilland DHC-៦-៣០០ Twin Otter ដឹកអ្នកដំណើរ ២២ នាក់ ដែលបានបាត់ខ្លួនមុននេះ ១ ថ្ងៃ។
ខាងលើនេះគឺជាការអះអាងរបស់អ្នកនាំពាក្យរបស់ កងទ័ពនេប៉ាល់ ដែលបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter។ បច្ចុប្បន្ន អាជ្ញាធរកំពុងបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុ។
ទូរទស្សន៍ជាតិនេប៉ាល់ កាលពីថ្ងៃទី ២៩ ឧសភា បានផ្សាយថា ប្រជាជនបានឃើញយន្តហោះមួយគ្រឿងកំពុងឆាបឆេះនៅឯនាយទន្លេ Lyanku Khola ក្បែរជើងភ្នំ Manapathi នៃជួរភ្នំហេមពាន្ត (Himalaya)។ មុននោះ យន្តហោះ DHC-៦-៣០០ Twin Otter បានហោះឡើងនៅព្រឹកថ្ងៃទី ២៩ ឧសភា ប៉ុន្តែបានបាត់ទំនាក់ទំនងជាមួយបណ្ឌលគ្រប់គ្រងអាកាសចរណ៍ ៥ នាទី មុនការចុះចត។
យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន Tara Air។ ជើងហោះហើរនៃយន្តហោះដែលបានបាត់ខ្លួននេះ ដឹកមនុស្សចំនួន ២២ នាក់ ក្នុងនោះមាន អ្នកដំណើរ ១៩ នាក់ និងសមាជិកក្រុមហោះហើរចំនួន ៣ នាក់។ យោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន Dara Air ក្នុងចំណោមអ្នកដំណើរគឺមានជនបរទេស ៦ នាក់ ក្នុងនោះមានជនជាតិឥណ្ឌា ៤ នាក់។