ថូផ្ការបស់រាជវាំងដែលមានជាប់ទាក់ទងនឹងស្ដេច ឆៀនឡុង (Qianlong) ដែលមានពណ៌យ៉ាងស្រស់ស្អាត និងយ៉ាងពិសិដ្ឋ ត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាង ១០ ដង ធៀបនឹងការគ្រោងទុក។
យោងតាមការរំពឹងទុកដំបូងរបស់អ្នករៀបចំព្រឹត្តិការណ៍លក់ដេញថ្លៃ Dreweatts ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស ថូផ្កាបុរាណនេះអាចមានតម្លៃចន្លោះពី ១០០,០០០ ទៅ ១៥០,០០០ ផោន ប្រហែលពី១២៦,០០០ ទៅ ១៨៩,០០០ ដុល្លារអាម៉េរិក។ ប៉ុន្តែ ចុងក្រោយ វត្ថុបុរាណមួយនេះត្រូវបានលក់ក្នុងតម្លៃរហូតដល់ ១.៨ លានដុល្លារអាម៉េរិក។ ព្រឹត្តិការណ៍លក់ដេញថ្លៃនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ ឧសភា ២០២២ ប៉ុន្តែ អត្តសញ្ញាណអ្នកទិញ មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។
Dreweatts ឱ្យដឹងថា ថូផ្កាធ្វើអំពីសេរ៉ាមិក កាលពីសតវត្សរ៍ទី ១៨ នេះ មានកម្ពស់ ៦១.៥ សម និងទទឹង ៤២ សម, ត្រូវបានលាបពណ៌ខៀវយ៉ាងពិសិដ្ឋ អមជាមួយនឹងរចនាលម្អដោយមាស និងប្រាក់ ដែលរៀបរាប់អំពីពពក សត្វក្រៀល, ក្អែក, សារិកា និងប្រចៀវ។
ការរួមផ្សំរបស់រចនា រូបភាពដែលលម្អដោយមាស ប្រាក់នៅលើថូផ្កានេះ «ពិតជាពិបាកធ្វើឱ្យបានសម្រេច ហើយនោះគឺជាប្រការដែលវាពិសេស និងខុសពីធម្មតា» Mark Newstead អ្នកជំនាញផ្នែកសេរ៉ាមិក និងសិល្បអាស៊ី នៃក្រុមហ៊ុន Dreweatts បញ្ជាក់ដូច្នេះ។
យោងតាម Dreaweatts ថូនផ្កានេះទំនងជាធ្លាប់បានដាក់តាំងនៅក្នុងរាជវាំង Zijincheng (紫禁城 / Forbidden City) ឬរាជវាំងមួយផ្សេងទៀតរបស់អធិរាជ ឆៀនឡុង(១៧១១-១៧៩៩) ជាស្ដេចជំនាន់ទី ៦ របស់រាជវង្សឈីង ដែលជារាជវង្សសក្តិភូមិចុងក្រោយក្នុងប្រវត្តិសាស្ត្រចិន។
មុនពេលត្រូវបានយកមកដាក់លក់ដេញថ្លៃ «វត្ថុបុរាណរបស់រាជវង្សឈីង» បានឆ្លងកាត់ដំណាក់កាលត្រូវគេបំភ្លេចចោលនៅក្នុងផ្ទះបាយមួយនៅ ចក្រភពអង់គ្លេស។ ក្រុមអ្នកប្រវត្តិសាស្ត្របច្ចុប្បន្ន មិនទាន់ប្រាកដអំពីប្រវត្តិរបស់ថូផ្កានេះនៅឡើយ។