ក្រុមមន្ត្រីរបស់ អ៊ុយក្រែន បានទទួលស្គាល់ថា កងកម្លាំងរបស់ប្រទេសនេះអាចនឹងត្រូវដកថយពីទីតាំងមួយចំនួននៅតំបន់ Donbass ដោយសារតែ រុស្ស៊ី មានប្រៀបលើសលុប ទាំងចំនួនទាហាន ទាំងចំនួនសព្វាវុធ។
កងទ័ពរុស្ស៊ី និងក្រុមផ្ដាច់ខ្លួន ប៉ុន្មានថ្ងៃចុងក្រោយនេះបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាំជ្រួចហ្វោង កាំភ្លើងធំធុនធ្ងន់ និងរថក្រោះ ក្នុងការវាយសម្រុកយ៉ាងខ្លាំងក្លាទៅលើទីរួមស្រុក និងទីក្រុងនៅក្នុងខេត្ត Lugansk និង Donetsk ជាទីដែល អ៊ុយក្រែន កំពុងគ្រប់គ្រង នេះបើតាមក្រុមមន្ត្រីរបស់ អ៊ុយក្រែន។
ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ប្រកាសថា រុស្ស៊ី សម្រេចបានគោលដៅតូចតាចនៅលើសមរភូមិជាក់ស្ដែង ប៉ុន្តែ បានទទួលស្គាល់ថា ស្ថានការណ៍ «លំបាកខ្លាំងណាស់» ហើយថា កងកម្លាំងអ៊ុយក្រែន ត្រូវដកថយពីទីកន្លែងមួយចំនួន។
កម្លាំងរុស្ស៊ី ហាក់កំពុងប្រើប្រាស់កាំភ្លើងធំធន់ធ្ងន់ បាញ់ទៅលើទីរួមស្រុកនានានៅតំបន់ Donbass ដើម្បីកម្ទេចខ្សែការពារ និងកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់របស់ អ៊ុយក្រែន។
កងកម្លាំងរុស្ស៊ី កំពុងពង្រីកការឡោមព័ទ្ធទីក្រុង Severodonetsk ក្នុងបំណងគ្រប់គ្រងទាំងស្រុងទៅលើខេត្ត Lugansk។ អភិបាលខេត្តនេះឱ្យដឹងថា កងកម្លាំងរុស្ស៊ី បានឡោមព័ទ្ធ និងគ្រប់គ្រងប្រមាណ ២/៣ នៃទឹកដីរបស់ Severodonetsk និង ៩០% នៃអគារក្នុងទីក្រុងនេះ ត្រូវបានបំផ្លាញ។
ក្នុងគ្រាដែលការប្រយុទ្ធគ្នាកំពុងកើតឡើងនៅតំបន់ Donbass ការចរចាសន្តិភាពរវាង រុស្ស៊ី និង អ៊ុយក្រែន នៅតែត្រូវបានពន្យារពេល ហើយភាគីទាំងពីរទម្លាក់កំហុសលើគ្នា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ឱ្យដឹងថា មកដល់បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែន ចំនួន ៦.៧ លាននាក់ បានចាកចេញពីប្រទេស បន្ទាប់ពីថ្ងៃទី ២៤ កុម្ភៈ ២០២២។ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) រកឃើញថា សង្គ្រាមនៅ អ៊ុយក្រែន បានបណ្ដាលឱ្យមានប្រជាជនសាមញ្ញយ៉ាងហោច ៤,០៣១ នាក់បាត់បង់ជីវិត និង ៤,៧៣៥ នាក់ រងរូស ប៉ុន្តែ បានព្រមានថា តួលេខពិតអាចខ្ពស់ជាងនេះ។