មន្ត្រីអាម៉េរិក បានឱ្យដឹងថា កងទ័ពរុស្ស៊ី បានបាត់បង់រថក្រោះជិត ១,០០០ គ្រឿង និងកាំភ្លើងធំជាង ៣៥០ ដើម ប៉ុន្តែ នៅតែមានប្រៀបជាងបើធៀបនឹងកងទ័ពរបស់ អ៊ុយក្រែន។
«រហូតដល់បច្ចុប្បន្ន កងកម្លាំងរុស្ស៊ី បានបាត់បង់រថក្រោះជិត ១,០០០ គ្រឿង, កាំភ្លើងធំជាង ៣៥០ ដើម, យន្តហោះចម្បាំងទម្លាក់គ្រាប់បែកជិត ៣០ គ្រឿង និងឧទ្ធម្ភាគចក្រជាង ៥០ គ្រឿង ក្នុងសង្គ្រាមនៅ អ៊ុយក្រែន» មន្ត្រីការពារជាតិជាន់ខ្ពស់អាម៉េរិក បង្ហើបឱ្យដឹងដូច្នេះកាលពីថ្ងៃទី ២៦ ឧសភា។
មន្ត្រីអាម៉េរិក ខាងលើក៏បានបញ្ជាក់ថា បើទោះជាទទួលរងការខាតបង់ច្រើន ប៉ុន្តែ កងកម្លាំងរុស្ស៊ី នៅមានសមត្ថភាពខ្លាំងក្លានៅឡើយ។ «រុស្ស៊ី ចំណាយយ៉ាងច្រើនទៅលើសព្វាវុធ និងបុគ្គលិកសម្រាប់យុទ្ធនាការនេះ ពួកគេរងការខាតបង់ ហើយភាគីខាង អ៊ុយក្រែន ក៏ដូច្នេះដែរ» មន្ត្រីអាម៉េរិក អះអាងដូច្នេះ។